(បរទេស)៖ ក្រុមជើងឯកនៃលីគកំពូលស្កុតឡេន Celtic បានប្រកាសពីការចុះកិច្ចសន្យារបស់ពួកគេ ក្នុងការនាំយកកីឡាករអន្តរជាតិជប៉ុន ៣រូបទៅរួមក្រុម ដែលត្រៀមធ្វើការបង្ហាញខ្លួន ២-៣ថ្ងៃខាងមុខទៀត។

ឆ្នាំថ្មី២០២២ មកដល់ភ្លាម Celtic បាននាំចូលកីឡាករខ្សែបម្រើ ២រូបដែលសុទ្ធសឹងតែមានឈ្មោះលេងក្នុងជម្រើសជាតិសាម៉ូរៃជប៉ុនបច្ចុប្បន្នផងដែររួមមាន ខ្សែបម្រើ Yosuke Ideguchi វ័យ ២៥ឆ្នាំ និង Reo Hatate វ័យ ២៤ឆ្នាំបានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យ Celtic រយៈពេល ៤ឆ្នាំកន្លះដូចគ្នា គ្រាដែលខ្សែប្រយុទ្ធ Daizen Maeda វ័យ ២៤ឆ្នាំផ្ទេរជាលក្ខណៈខ្ចីជើង ជាមួយនឹងជម្រើសទិញផ្តាច់ផងដែរនារដូវក្តៅខាងមុខ។

ពួកគេទាំង ៣នាក់ខាងលើនេះ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរមកដល់ទីក្រុង Glasgow ប្រទេសស្កុតឡេនក្នុងរយៈពេល ២ទៅ៣ថ្ងៃខាងមុខទៀត នៅពេលលោក Ange Postecoglou អ្នកចាត់ការទូទៅក្លិប Celtic បានលើកឡើងថា លោកពិតជាសប្បាយចិត្តណាស់ក្នុងការនាំយកពួកគេទាំង ៣នាក់មកចូលរួមជាមួយ Celtic និងគិតផងដែរ ពួកគេនឹងធ្វើឲ្យអ្នកគាំទ្រនៅទីនេះសប្បាយចិត្ត និងចាប់អារម្មណ៍មិនខាន។

លោកថា ពួកគេនឹងចាប់ដៃគូជាមួយកីឡាករជប៉ុនដូចគ្នា Kyogo Furuhashi វ័យ ២៦ឆ្នាំលេងក្នុងតំណែងប្រយុទ្ធក្នុងក្លិប Celtic បច្ចុប្បន្ននេះ ដែលបានផ្ទេរពីក្លិបក្នុងស្រុកជប៉ុន Vissel Kobe នាខែកក្កដា ឆ្នាំ២០២១ ដោយរកបាន ៨គ្រាប់ពីការចូលលេងបាន ១៤ប្រកួតមកហើយ៕