(ចិន)៖ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍យក្សរបស់ចិន Huawei Technologies Co Ltd ដែលរងការខូចខាត ឬខូចខាតដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានរំពឹងថាប្រាក់ចំណូលប្រចាំឆ្នាំ ២០២១ នឹងធ្លាក់ចុះជិត ៣០ភាគរយ ហើយបានព្យាករណ៍ថានឹងបន្តប្រឈមមុខរហូតដល់ឆ្នាំថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

លោក Guo Ping អគ្គនាយកជាន់ខ្ពស់របស់ Huawei បាននិយាយនៅក្នុងសារលិខិតអបអរចូលឆ្នាំថ្មីទៅកាន់និយោជិត ថា ប្រាក់ចំណូលសម្រាប់ឆ្នាំនេះត្រូវបានរំពឹងថានឹងមានចំនួន ៦៣៤ពាន់លានយន់ (ប្រហែល ៩៩,៤៩ពាន់លានដុល្លារ) ដែលធ្លាក់ចុះ ប្រមាណជា ២៨,៩ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។

លោក Guo បាននិយាយថា នៅឆ្នាំក្រោយ «បញ្ហានឹងនៅតែបន្តមកជាមួយ ហើយយើងមិនប្រាកដថា ទំហំនៃការខូចខាត ឬប៉ះពាល់មានក្នុងកម្រិតណានោះទេ» ប៉ុន្តែយើងពេញចិត្តនូវដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ ២០២១។

កាលពីឆ្នាំ ២០១៩ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្ម និងបម្រាមពាណិជ្ជកម្មលើក្រុមហ៊ុន Huawei ដោយលើកឡើងពីសុវត្ថិភាពសន្តិសុខជាតិ ដែលបានរារាំងក្រុមហ៊ុនពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ Alphabet (Google) សម្រាប់ស្មាតហ្វូនថ្មីរបស់ខ្លួន និងហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងឧបករណ៍ទូរគមនាគមន៍ 5G របស់ Huawei ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា របាយការណ៍ប្រាក់ចំណូលចុងក្រោយរបស់ក្រុមហ៊ុន Huawei បង្ហាញថា ប្រាក់ចំណូលនៅត្រីមាសទីបីបានធ្លាក់ចុះ ៣៨ភាគរយ បើធៀបនឹងឆ្នាំមុន ហើយវាក៏ជាត្រីមាសទី៣ ដែលមានប្រាក់ចំណូលធ្លាក់ចុះ ខ្ពស់បំផុតនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ៕