(សៀមរាប)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត នឹងក្លាយជាបុរេលក្ខខណ្ឌមួយ ដើម្បីផ្សព្វផ្សាយឲ្យភ្ញៀវទេសចរជុំវិញពិភពលោកបានដឹងថា ខេត្តសៀមរាប បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកគ្រប់ទិសទី ចាប់ពីឆ្នាំ២០២២ នេះតទៅ។
ការអះអាងនេះ ស្របពេលកីឡាករ-កីឡាការិនីជាតិ-អន្ដរជាតិជាច្រើន បានមកទទួលសម្ភារៈ ដើម្បីចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ស្អែកនេះ។ បច្ចុប្បន្នមានអ្នកចុះឈ្មោះចូលរួមជាង ២,០០០នាក់ហើយ ដែលភាគច្រើនជាប្រជាពលរដ្ឋ និងជនបរទេសក្នុងស្រុក តែមានអ្នកខ្លះ ក៏កំពុងបន្ដចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ។
លោកបន្ដថា «តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានយកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ គឺជាបុរេលក្ខខណ្ឌមួយ សម្រាប់បើកទូលាយផ្សព្វផ្សាយឲ្យទេសចរទូទាំងពិភពលោកបានដឹងថា សៀមរាប គឺព្រឹត្តិការណ៍កីឡាទេសចរណ៍បានកើតឡើងហើយ ហើយសៀមរាប គឺជាគោលដៅដែលមានសុខភាព និងមានភាពកក់ក្ដៅបំផុត សម្រាប់ភ្ញៀវទេសចរ ចាប់ពីឥលូវនេះតទៅផងដែរ»។
ជាមួយការរៀបចំឡើងវិញ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ក៏ជាការផ្ដល់ព័ត៌មានដល់អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងជុំវិញពិភពលោក ពិសេសអ្នកមានភក្ដីភាព ចំពោះប្រាសាទអង្គរវត្ត បានទទួលព័ត៌មានជាក់លាក់ និងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍នេះឡើងវិញ នាឆ្នាំក្រោយៗ ។ សំខាន់ជាងគេ ពេលពួកគេមកចូលរួម ពួកគេនឹងភ្ញាក់ផ្អើល ចំពោះហេដ្ឋារចនាសម្ព័ន្ធ ទាំងការកែសម្រួលនូវសួនច្បារ ផ្លូវ បរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់ នៅតំបន់អង្គរ និងក្រុងសៀមរាបបច្ចុប្បន្ន ។
អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបន្ថែមថា «យើងឃើញថា មានជនបរទេសជាង ២០០នាក់(ក្នុងស្រុក)បានចុះឈ្មោះចូលរួម និងបានបង្ហាញនូវទឹកមុខស្រស់ស្រាយ ក្នុងការមកទទួលសម្ភារៈ ហើយបង្ហាញអារម្មណ៍សប្បាយរីករាយ ដើម្បីចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរស្អែកនេះ ពិសេសពួកគាត់បានកោតសរសើរ ចំពោះការរៀបចំឡើងវិញ ហើយថា កម្ពុជា បានបោះជំហានទៅមុខមុនគេ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងដ៏ធំនេះ»។
លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ បានឲ្យដឹងថា ទោះបីការចាប់ផ្ដើមឡើងវិញនេះ មានអ្នកចូលរួមតែជាង ២,០០០នាក់ តែវាពិតជាមានសារៈសំខាន់ និងមានអត្ថន័យបំផុត ព្រោះនេះជាការរៀបចំ និងស្ដារឡើងវិញ សម្រាប់រយៈពេល ២ឆ្នាំកន្លងមក អំឡុងវិបត្តិកូវីដ-១៩ ដែលសកម្មភាពរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅកម្ពុជា ក៏ដូចជាជុំវិញពិភពលោកត្រូវបានផ្អាក ។
លោកថា «ក្នុងតំបន់អាស៊ី កម្ពុជាយើង គឺជាប្រទេសឈានមុខមួយ ក្នុងការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងទ្រង់ទ្រាយធំបែបនេះ ហើយខ្ញុំបានថ្លែងអំណរគុណ ចំពោះអ្នកចូលរួម ព្រោះការចូលរួមនេះ គឺមានសារៈសំខាន់ និងជាកំណត់ត្រាប្រវត្តិសាស្ដ្រមួយ ដែលជាការចូលរួមស្ដារព្រឹត្តិការណ៍នេះឡើងវិញ ដ្បិតក្នុងតំបន់អាស៊ី គឺជាប្រទេសដំបូង ដែលរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះឡើងវិញ បន្ទាពីស្ថានភាពកូវីដ-១៩ ធូស្រាល» ។
គួរបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងស្អែកនេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងការរត់កម្សាន្ដលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ។ ការរៀបចំនេះ នឹងផ្ដោតសំខាន់លើសុវត្ថិភាពអ្នកចូលរួម ពិសេសគោរពវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩ ដូចជាការពាក់ម៉ាស់(ក្រោយរត់ចេញដំណើរបាន ១០០ម៉ែត្រ ទើបអនុញ្ញាតឲ្យដោះម៉ាស់ និងពេលដល់ទីត្រូវពាក់ម៉ាស់វិញ) បាញ់អាល់កុល និងវាស់កម្ដៅជាដើម៕