(លីវើភូល)៖ អ្នកចាត់ការក្លិបហង្សក្រហម Liverpool លោក Jurgen Klopp នឹងអវត្តមានការធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលីគ Premier League នាថ្ងៃអាទិត្យសប្តាហ៍នេះ បន្ទាប់ពីលាប់ជំងឺដែលគេសង្ស័យថា វិជ្ជមានកូវីដ១៩។ នេះបើតាមការឲ្យដឹងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២។
ជំនួយការរបស់លោក Klopp គឺលោក Pepijn Lijnders នឹងទទួលបន្ទុកដឹកនាំការប្រកួតនៅឯកីឡដ្ឋាន Stamford Bridge នៅពេលលោក Klopp ដែលបានកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីត្រូវបានគេរាយការណ៍ថា មានរោគសញ្ញាស្រាល។
«ក្រៅពីលោក Klopp សមាជិកបុគ្គលិកចំនួន ៣នាក់ទៀត ក៏បានលាប់ជំងឺកូវីដ១៩ផងដែរ»។ នេះបើតាមក្លិបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
Premier League បានពន្យារពេល ១៨ការប្រកួតហើយ ចាប់តាំងពីខែមុន ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការរងរបួសរបស់កីឡាករ នៅតាមបណ្តាក្លិបជាច្រើនបានបណ្តាលឲ្យក្លិប មិនមានកីឡាករគ្រប់គ្រាន់ក្នុងការប្រកួតលើទីលានឡើយ។
Liverpool មិនមានវត្តមានកីឡាករ Virgil van Dijk, Thiago Alcantara, Fabinho និងកីឡាករ Curtis Jones ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពួកគេ ត្រូវបានបង្ខំឲ្យធ្វើចត្តាឡីស័ក ដោយសារតែសង្ស័យវិជ្ជមានកូវីដ១៩។ កីឡាករទាំង ៤នាក់នេះបានត្រឡប់មកហ្វឹកហាត់វិញ កាលពីដើមសប្តាហ៍នេះ។
ក្លិប Liverpool កំពុងឈរនៅលំដាប់ទី៣ ក្នុងតារាងលីគ មាន៤១ពិន្ទុ ពី១៨ប្រកួត មាន ១ពិន្ទុនៅពីក្រោយក្លិបលំដាប់ទី២ Chelsea ប៉ុន្តែនៅសល់ ១ប្រកួតក្នុងដៃ៕