(សៀមរាប)៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត លំដាប់អន្តរជាតិដំបូងបង្អស់នៅកម្ពុជា ជាម្ចាស់ឧបត្តម្ភធំគាំទ្រ «ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី២៦» រយៈពេល ៨ឆ្នាំជាប់គ្នា ដែលជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ជារៀងរាល់ថ្ងៃ។ ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលដល់ការរស់នៅ និងសេដ្ឋកិច្ច ទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។

ការណ៍នេះបានបង្ហាញពីសារៈសំខាន់ នៃសុខភាព និងសុខុមាលភាព ហើយញ៉ំាងឲ្យមាននូវការបន្តការឧបត្តម្ភ ធំគាំទ្រព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះ ។ សកម្មភាពនេះក៏ជាការផ្ញើសារដ៏សំខាន់មួយ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនយើងបន្តអនុវត្ត នូវរបៀបរស់នៅប្រកបដោយភាពសកម្ម ទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការចូលរួមរត់ ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ ដ៏ធំជាងគេនៅ ប្រទេសកម្ពុជានេះផងដែរ។ ជាងនេះទៅទៀត ការឧបត្ថម្ភព្រឹត្តិការណ៍នេះ គឺជាការចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ ។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា «គោលដៅរបស់យើង គឺកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែល្អប្រសើរសម្រាប់គ្រួសារកម្ពុជា។ ហេតុនេះហើយទើប យើងជឿជាក់ថា យើងមានតួនាទីសំខាន់ ក្នុងការរួមចំណែក លើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងភាពសកម្ម។ ក្នុងនាមជាម្ចាស់ឧបត្តម្ភ ធំគាំទ្រ ព្រឹត្តិការណ៍អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត យើងបាន ធ្វើការសហការយ៉ាងយកចិត្តទុកដាក់ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្វាគមន៍ ក៏ដូចជាធានាសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់ក្នុងអំឡុងពេលរត់»

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ព្រោះថាផ្លូវរត់គឺត្រូវបានរៀបចំយ៉ាងពិសេស សម្រាប់អ្នកចូលរួមទាំងអស់អាចគយគន់ទេសភាពដ៏ស្រស់ត្រកាល ជុំវិញបរិវេណឧទ្យានអង្គរ ដែលជាទីដ៏សែនមនោរម្យ។ ស្របតាមសាររបស់ព្រឹត្តិការណ៍ឆ្នាំនេះ គឺ «រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍» កម្មវិធីទាំងមូល ប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមករានេះ ដោយមានអ្នករត់សរុបចំនួនប្រមាណ ២,៥០០នាក់ ដែលជាប្រជាជនខ្មែរ និងជនបរទេសក្នុងស្រុក។

ដើម្បីស្វែងយល់បន្ថែម អំពីវិធានការសុវត្ថិភាពរបស់ព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖ https://www.manulife.com.kh/km/angkor-wat-half-international-marathon/2021-run-safety-angkor-wat-international-half-marathon.html