(ភ្នំពេញ)៖ នៅក្នុងសំណុំរឿងលែងលះ ក្រៅពីការបែងចែកទ្រព្យរួមរបស់ប្តីប្រពន្ធ ប្រសិនបើប្តីប្រពន្ធដែលជាគូភាគីវិវាទនោះមាន កូនជាអនីតិជន (កូនមានអាយុក្រោម១៨ឆ្នាំ) ហើយតុលាការបានកំណត់អ្នកមានអំណាចមេបា គឺជាម្តាយ ជាអាទិ៍ ឪពុកដែលគ្មានអំណាចមេបា ក្រោយការលែងលះ មានសិទ្ធិជួបប្រាស្រ័យទាក់ទងកូនជាអនីតិជន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្តាយ និងសិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពរបស់កូន តាមរយៈឪពុកនោះស្នើសុំទៅតុលាការ ឬទោះបីជាគ្មានការស្នើសុំក៏ដោយ ក៏តុលាការត្រូវសម្រេចអំពីរបៀបនៃការជួបប្រាស្រ័យទាក់ទងកូននោះ ឬរបៀបនៃការរាយការណ៍អំពីស្ថានភាពរបស់កូនផងដែរ បើឪពុកម្តាយដែលបានលែងលះនោះ មិនអាចពិភាក្សាគ្នាអំពីរបៀបទាំងនោះដោយវិជ្ជមាន។

ដើម្បីឱ្យយល់កាន់តែច្បាស់អំពីការពិភាក្សាជារួមរបស់ឪពុក ឬម្តាយដែលគ្មានអំណាចមេបា សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «ការពិភាក្សាជារួមរបស់ឪពុក ឬម្តាយដែលគ្មានអំណាចមេបា» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។

ឪពុកដែលគ្មានអំណាចមេបា ច្បាប់ផ្តល់សិទ្ធិបន្ថែមទៀតទាក់ទងនឹងកូន (មាត្រា ១០៤២ នៃក្រមរដ្ឋប្បវេណី) ទោះបីខ្លួនគ្មានអំណាចមេបាក៏ដោយ ដោយតម្រូវឱ្យមានការពិភាក្សាជាមួយឪពុកដែលគ្មានអំណាចមេបា ទើបអាចបំពេញកិច្ចការខាងក្រោមនេះបាន ដូចជា៖

* ទី១ ការអប់រំកូន៖ ជាស្ថានភាពពាក់ព័ន្ធនឹងការសិក្សារបស់កូនជាអនីតិជន ថាតើរៀននៅសាលាណា? រៀននៅក្នុងស្រុក ឬបរទេស? ជាអាទិ៍ ពីព្រោះចំណុចនេះផ្សារភ្ជាប់នឹងការចំណាយ ហើយជាកត្តាកំណត់អំពីអនាគតកូន ហេតុនេះមានភាពចាំបាច់ត្រូវពិភាក្សាគ្នាជាមុនរវាងឪពុកម្តាយរបស់កូន។

* ទី២ ការផ្លាស់ប្តូរលំនៅឋានរបស់កូន៖ ជាស្ថានភាពពាក់ព័ន្ធនឹងបរិយាកាសនៃការរស់នៅ ហើយផ្សារភ្ជាប់ដល់សិទ្ធិជួបប្រាស្រ័យទាក់ទងកូន និងសិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពកូន ប្រសិនបើលំនៅឋានរបស់កូនត្រូវបានផ្លាស់ប្តូរពីរាជធានីទៅខេត្ត ឬពីខេត្ត មករាជធានី ជាអាទិ៍។ នេះជាចំណុចមិនល្អ សម្រាប់កូន និងឪពុកម្តាយដែលរស់នៅបែកបាក់គ្នា (ឪពុកម្តាយកូនដែលមិនបានរស់នៅជុំគ្នា) ហេតុនេះមានភាពចាំបាច់ត្រូវពិភាក្សាគ្នាជាមុនរវាងឪពុកម្តាយរបស់កូន។

* ទី៣ ការអនុញ្ញាតឱ្យកូនបំពេញការងារ ឬធ្វើអាជីវកម្ម៖ ជាធម្មតា កូនជាអនីតិជន មិនអាចប្រកបការងារ ឬធ្វើអាជីវកម្ម ខណៈពេលកំពុងទទួលការអប់រំនៅសាលា ស្របពេលជាមួយគ្នានោះទេ និងជាទូទៅ បើកូនជាអនីតិជន រៀនបណ្តើរ ធ្វើការបណ្តើរ គឺនឹងប៉ះពាល់ដល់ការសិក្សាកូន ហើយអាជីវកម្មខ្លះមិនសមស្របជាមួយកូនជាអនីតិជននោះទេ ហេតុនេះ ប្រសិនបើម្តាយជាអ្នកមានអំណាចមេបា អនុញ្ញាតឱ្យកូនជា
អនីតិជនប្រកបអាជីវកម្ម ឬធ្វើការងារ ត្រូវពិភាក្សាជាមួយឪពុករបស់កូននោះជាមុនសិន។

* ទី៤ ការព្យាបាលកូនដែលពាក់ព័ន្ធនឹងអាយុជីវិត៖ ការព្យាបាលដែលពាក់ព័ន្ធនឹងអាយុជីវិតរបស់កូនជាអនីតិជន ដូចជាកូនមានជំងឺមហារីក តម្រូវឱ្យមានការវះកាត់ ឬព្យាបាលដោយប្រើថ្នាំ ឬបញ្ឈប់ការព្យាបាល ឬផ្លាស់ប្តូរវិធីព្យាបាល ឬពេទ្យ ឬអំឡុងពេលនៃការព្យាបាល ជាអាទិ៍ ម្តាយជាអ្នកមានអំណាចមេបា
ត្រូវពិភាក្សាជាមួយឪពុករបស់កូននោះ ពីព្រោះចំណុចនេះសំខាន់ពាក់ព័ន្ធអនាគតកូន និងការចំណាយ ដែលត្រូវទទួលខុសត្រូវរួមគ្នា ក្នុងនាមជាឪពុកម្តាយរបស់កូន។

* ទី៥ ការចាត់ចែងទ្រព្យសម្បត្តិរបស់កូន៖ ក្នុងករណីកូនជាអនីតិជនមានទ្រព្យផ្ទាល់ខ្លួន ដូចជា មានកម្មសិទ្ធិនៅលើផ្ទះណាមួយ ដែលទទួលបានប្រទានកម្ម (អំណោយ) ពីជីដូន ជាអាទិ៍ ហើយម្តាយដែលជាអ្នកមានអំណាចមេបា ចង់លក់ផ្ទះនេះ ត្រូវពិភាក្សាជាមួយឪពុករបស់កូនជាមុនសិន។

* ទី៦ ការគ្រប់គ្រងថែរក្សាកូន៖ ចំណុចនេះជាស្ថានភាពពាក់ព័ន្ធនឹងផ្លូវចិត្ត និងសុខុមាលភាពរបស់កូនជាអនីតិជន ដោយផ្តោតលើករណីឱ្យកូនជាអនីតិជនរៀបអាពាហ៍ពិពាហ៍ ឬបង្កើតរបបស្មុំកូនជាមួយប្តីក្រោយ ជាអាទិ៍ ត្រូវចាត់ទុកថាជាចំណុចចាំបាច់ ដែលត្រូវពិភាក្សាជាមុនជាមួយឪពុកកូននោះ។

* ទី៧ ការគ្រប់គ្រងទ្រព្យសម្បត្តិកូន៖ ក្នុងករណីកូនជាអនីតិជនមានទ្រព្យផ្ទាល់ខ្លួន ដូចជា មានកម្មសិទ្ធិនៅលើផ្ទះណាមួយ ដែលទទួលបានប្រទានកម្ម (អំណោយ) ពីជីដូន ជាអាទិ៍ ហើយម្តាយដែលជាអ្នកមានអំណាចមេបា ចង់ជួសជុលផ្ទះ ឬមានអ្នកដទៃបំពានលើផ្ទះនេះ ដោយតម្រូវធ្វើបណ្តឹងទាមទារឱ្យប្រគល់ផ្ទះនេះ ជាអាទិ៍ មុនពេលធ្វើ ម្តាយត្រូវពិភាក្សាជាមួយឪពុករបស់កូនជាមុនសិន។

នៅក្នុងន័យច្បាប់ ទោះបីជាឪពុកម្តាយបានលែងលះគ្នាក៏ដោយ និងទោះបីតុលាការបានកំណត់ថាម្តាយជាអ្នកមានអំណាចមេបាចំពោះកូនជាអនីតិជនក៏ដោយ ដើម្បីសុខុមាលភាពរបស់កូន និងផ្លូវចិត្តរបស់កូន ជាពិសេសធានានូវផលប្រយោជន៍របស់កូន ឪពុកដែលគ្មានអំណាចមេបា និងម្តាយដែលមានអំណាចមេបា នៅតែត្រូវសហការ និងពិភាក្សាគ្នាជាចាំបាច់អំពីចំណុចខាងលើនេះ លើកលែងតែមានភាពចាំបាច់បន្ទាន់ ផ្អែកតាមករណីជាក់ស្តែង និងប្រកបដោយសុចរិតភាព ទើបមិនចាំបាច់ពិភាក្សា។ មួយវិញទៀត នឹងអាចមានករណីលើកឡើងថា បើពិភាក្សាបរាជ័យ តើនរណាជាអ្នកសម្រេចកិច្ចការខាងលើនេះ?

ចម្លើយ គឺម្តាយដែលជាអ្នកមានអំណាចមេបា ប៉ុន្តែមុនសម្រេចត្រូវពិភាក្សា ហើយទោះបីម្តាយដែលជាអ្នកមានអំណាចមេបា មានសិទ្ធិសម្រេចចុងក្រោយក៏ដោយ បើការសម្រេចនោះមិនសមស្របនឹងផលប្រយោជន៍របស់កូន ម្តាយដែលមានអំណាចមេបានោះ អាចនឹងប្រឈមការផ្លាស់ប្តូរអំណាចមេបា បើមានការស្នើសុំរបស់ញាតិនៅក្នុង ០៤ (បួន) ថ្នាក់របស់កូនជាអនីតិជននោះ ទៅតុលាការ៕

រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី អ្នកបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់