(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអះអាងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរវត្ត ខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ដោយពុំមានករណីសង្ស័យ ឬរកឃើញវិជ្ជមានកូវីដ-១៩ លើអ្នកចូលរួមឡើយ ក្រោមការរៀបចំតាមប្រក្រតីភាពថ្មី ស្របពេលមានកីឡាករ-កីឡាការិនីកម្ពុជាជាច្រើន បានចាប់អារម្មណ៍ចូលរួម និងដណ្ដើមបានជ័យលាភីទៀតផង ។

ការលើកឡើងនេះ បន្ទាប់ពីព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នេះ បានទាក់ទាញអ្នកចូលរួមប្រមាណ ២,៣០០នាក់ ក្នុងនោះមានជនបរទេសធ្វើការ និងរកស៊ីនៅកម្ពុជាចូលរួមជាង ២០០នាក់ ។ លោកថា ទោះបីចំនួននេះ នៅមានកម្រិត បើធៀបកាលពីឆ្នាំ២០១៩ ដែលមានអ្នកចូលរួមខ្ទង់ ១៣,០០០នាក់ តែនេះជាសញ្ញាណដ៏ល្អ ដែលព្រឹត្តិការណ៍នេះ បានដំណើរការយ៉ាងរលូន និងជោគជ័យ ក្នុងដំណាក់ការស្ដារឡើងវិញ ពិសេសវិធានការបង្ការការរីករាលដាលជំងឺកូវីដ-១៩ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «អ្វីដែលជាការកត់សម្គាល់ គឺអ្នកចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនារំភើបរីករាយ ចំពោះការផ្លាស់ប្តូរថ្មីនៃសោភ័ណ្ឌភាពទីក្រុងសៀមរាប និងសម្រស់តំបន់អង្គររបស់យើងផងដែរ»។ បន្ទាប់ពីការរៀបចំឡើងវិញឆ្នាំនេះ លោករំពឹងថា នៅឆ្នាំក្រោយៗ ពិសេសព្រឹត្តិការណ៍លើកទី២៧ ដែលគ្រោងរៀបចំនាដើមខែធ្នូ នាចុងឆ្នាំ២០២២ នេះ នឹងទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោកចូលរួមកាន់តែច្រើន ។

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផល នៃការប្រកួតវិញ សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្របុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា ប្រើថិរវេលា ១ម៉ោង ១៦នាទី និង ២១វិនាទី, លេខ២ កីឡាករកម្ពុជា គង់ រុណ ប្រើថិរវេលា ១ម៉ោង ១៧នាទី និង ៥៣វិនាទី និងលេខ៣ កីឡាករ ម៉ា វីរ៉ូ ប្រើថិរវេលា ១ម៉ោង ២០នាទី និង ៣៥វិនាទី ។ រីឯផ្នែកនារី លេខ១ កីឡាការិនីហុងកុង Lee Yimling ខណៈលេខ២ និងលេខ៣ បានទៅកីឡាការិនីអាមេរិកដូចគ្នា គឺកីឡាការិនី Drecksel Dana និងកីឡាការិនី Rebecca Bequette ។

វិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្របុរស លេខ១ កីឡាករ អោក រ៉ូហ៊ីត, លេខ២ កីឡាករ ផាត សុភុត និងលេខ៣ កីឡាករ លន់ សីហា ខណៈផ្នែកនារី លេខ១ កីឡាការិនី បូ សំណាង និងលេខ២ បានទៅកីឡាការិនីកម្ពុជាដូចគ្នា អេង មួយងីម គ្រាដែលលេខ៣ បានទៅកីឡាការិនីបារាំង Baladetoi Justine ។ ឯរត់ចម្ងាយ ៥គីឡូម៉ែត្របុរស លេខ១ កីឡាករ សន ពិសី, លេខ២ កីឡាករ មឿន អែម និងលេខ៣ កីឡាករ ឆាយ ភើយ ខណៈផ្នែកនារី លេខ១ កីឡាការិនី កាន់ ស្រីរ័ត្ន, លេខ២ កីឡាការិនី ម៉ីព្រហ្ម ស្រីលាភ និងលេខ៣ កីឡាការិនី សាន សុខគង់ ។ លើសពីនេះ ក៏មានការរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ ក៏ដូចជាការរត់ និងប្រណាំងរទេះជនពិការផងដែរ ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះផងដែរ៕