(ក្រុងឡុងដ៍)៖ តោខៀវ Chelsea បានធ្វើការវាយបកតាមស្មើក្នុងលទ្ធផល ២-២ វិញ ក្រោយពេលហង្សក្រហម Liverpool បានបើកការនាំមុខ ២គ្រាប់មុននៅចាប់ពីដើមវគ្គទី១ មកក្នុងលីគកំពូលអង់គ្លេស Premier League។

ក្រុមលំដាប់កំពូលតារាងទាំងពីរខាងលើនេះ បានបញ្ចប់លទ្ធផលស្មើគ្នាទៀតនៅរាត្រីថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ ក្នុងជើងទី២ នៅកីឡដ្ឋាន Stamford Bridge ដូចជើងទី១ ដែលលេងស្មើគ្នា ១-១ នៅទឹកដី Anfield។

Sadio Mane និង Mohamed Salah ជាអ្នករកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ Liverpool ដែលជាការបញ្ជូនរបស់ Alexander-Arnold ទាំងអស់ នៅពេលអវត្តមានគ្រូបង្វឹក លោក Jurgen Klopp ដោយសារឆ្លងជំងឺកូវីដ-១៩ នៅមុនពេល Mateo Kovacic រកបាន ១គ្រាប់វិញឲ្យតោខៀវនៅនាទី៤២។

កីឡាករអន្តរជាតិក្រូអាត Kovacic ក៏ធ្លាប់រកបាន ២គ្រាប់ផងដែរ ក្នុងចំណោម ១០ប្រកួតនៅ Premier League នាពេលកន្លងមក ក្រោយពេលរកបានតែ ១គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៩៣ប្រកួតគ្រប់កម្មវិធីជាមួយ Chelsea នៅមុនពេលខ្សែបម្រើអាមេរិក Pulisic រកបានគ្រាប់ទី២ តាមស្មើនៅនាទី៤៥+១។

នេះមានន័យថា Chelsea បន្តប្រដេញតាមពីក្រោយក្រុមកំពូលតារាង Manchester City មកនៅ ១០ពិន្ទុវិញក្នុងនាមជាក្រុមលេខ២ ជាបណ្តោះអាសន្នជាមួយ ៤៣ពិន្ទុ ក្រោយឆ្លងកាត់ ២១ប្រកួតមកនេះ នាំមុខក្រុមលេខ៣ Liverpool តែ ១ពិន្ទុដដែល៕