(អាមេរិក)៖ ក្រុមហ៊ុន Tesla បានឱ្យថា មានរថយន្តអគ្គិសនីចំនួន ៣០៨,៦០០គ្រឿង ត្រូវបានលក់ នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០២១ ដែលតួលេខនេះ វាលើសពីការរំពឹងទុករបស់អ្នកវិភាគផងដែរ ខណ:ដែលការផលិតរថយន្តអគ្គិសនីពេញមួយត្រីមាសទី៤ ទទួលបានចំនួន ៣០៥,៨៤០គ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ Tesla បានឱ្យដឹងថា ពេញមួយឆ្នាំ២០២១ គឺមានរថយន្តចំនួន ៩៣៦,១៧២គ្រឿងត្រូវបាន លក់ចេញ ដោយបានកើនឡើងប្រមាណជា ៨៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០ ហើយនៅក្នុងឆ្នាំ២០២១នេះផងដែរ មិនមានរថយន្តម៉ូដែល ណា មួយ មានសន្ទុះនៃការលក់លេចធ្លោជាងគេនោះទេ បើទោបីជា Tesla ខំប្រឹងរៀងចំរថយន្ត Model S និង X សម្រាប់ទីផ្សារធំៗក្ដី។

ប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុន Tesla បានជួបនូវបញ្ហាមួយចំនួនដោយសារតែការបង្ហោះសាររបស់លោក Elon Musk ពីគម្រោងលក់ភាគហ៊ុនរបស់លោករហូតដល់ ១០ភាគរយ និងបានបង្កឱ្យមានពាក្យបណ្ដឹងជាច្រើនបានប្ដឹងមកកាន់ ក្រុមហ៊ុន Tesla និង Elon Musk ផ្ទាល់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនស្រាវជ្រាវ Alix Partners បានព្យាករណ៍ថា ២៤ភាគរយនៃរថយន្តថ្មីដែលត្រូវបានលក់ជុំវិញពិភពលោកនៅឆ្នាំ២០៣០ គឺជារថយន្តអគ្គិសនី៕