(កូរ៉េ)៖ មិនទាន់បានមួយខែស្រួលបួលផង ពេលនេះគណនី Instagram ផ្លូវការរបស់តារាចម្រៀង V សមាជិកក្រុមចម្រៀង BTS ទទួលបានចំនួនអ្នកតាមដានរហូតដល់៣០លាននាក់ទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All-KPOP នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

ជាការកត់សម្គាល់ នៅថ្ងៃទី០២ ខែមករា ម្សិលមិញនេះ សមាជិកក្រុម BTS រូបនេះ ទទួលបាន Followers ច្រើនជាង៣០លាននាក់។ ងាកទៅកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ សមាជិកទាំង០៧រូប ក្នុងក្រុមចម្រៀង BTS នាំគ្នាបង្កើតគណនី Instagram ផ្លូវការរបស់ខ្លួនម្នាក់មួយ ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រនៅទូទាំងពិភពលោក។ ក្នុងចំណោមនោះ តារាចម្រៀង V ក្លាយជាសមាជិកដំបូង ដែលទទួលបានចំនួន Followers ច្រើនមុនគេ រហូតដល់ ៣០លាននាក់។

គួរជម្រាប កន្លងទៅតារាចម្រៀងក្នុងក្រុម BTS រូបនេះ ធ្លាប់បានបំបែកកំណត់ត្រា Guinness World Records រហូតដល់ទៅ២លើក ដោយសារតែគណនី Instagram របស់គេទទួលបានចំនួននាក់តាមដានយ៉ាងច្រើន ក្នុងរយៈពេលមិនដល់៥ម៉ោងផង៕