(អាមេរិក)៖ BlackBerry ធ្លាប់តែមានឈ្មោះល្បីនៅក្នុងពិភពទូរស័ព្ទដៃ តែនៅពេលនេះស្ទើបាត់ឈ្មោះ ហើយក៏អាចនឹងបាត់ឈ្មោះ ផងដែរ ព្រោះថាថ្មីៗនេះ ក្រុមហ៊ុន BlackBerry បានប្រកាសឱ្យអ្នកប្រើប្រាស់របស់ខ្លួនដឹងថា ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ គឺមុខងារទាំងអស់ដែលមាននៅក្នុងទូរស័ព្ទដៃ និង Tablets នឹងមិនអាចប្រើបានតទៀតទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា គ្រប់ទូរស័ព្ទដៃ និង Tablets ដែលប្រាស់ប្រព័ន្ធដំណើរការរបស់ BlackBerry នឹងមិនអាចបន្តការប្រើប្រាស់មុខងារដែលមាននៅក្នុងទូរស័ព្ទដៃ និង Tablets បានទៀតទេ មិនថាមុខងារ Wifi, Call, SMS, Internet ហើយសូម្បីតែការខលទៅកាន់់លេខសង្គ្រោះបន្ទាន់ 911 ក៏មិនអាចប្រើបានដែរ អាចនិយាយថា ទូរស័ព្ទដៃ ឬ Tablets ត្រូវបានងាប់តែម្ដង។

កាលពីអំឡុងឆ្នាំ ២០០០ ក្រុមហ៊ុន BlackBerry បានល្បីឈ្មោះដោយសារតែទូរស័ព្ទដៃដែលបំពាក់នូវប៊ូតុងចុ ចប្រភេទ QWERTY ដែលវាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ជំនាន់នោះ ហើយបើតាមរបាយការណ៍ ក្នុងចំណោមអ្នកប្រើទូរស័ព្ទដៃនៅអាមេរិកទាំងអស់គឺមានអ្នកប្រើប្រាស់ទូរស័ព្ទដៃ BlackBerry ប្រមាណជា ៥០ភាគរយ ប៉ុន្តែបានបាត់បង់ចំណែកទីផ្សារទៅវិញស្ទើរតែទាំងអស់។

នៅឆ្នាំ២០១៣ ក្រុមហ៊ុន BlackBerry បានចាប់ផ្ដើមវាយលុកទីផ្សារម្ដងទៀតជាមួយនឹង ប្រព័ន្ធដំណើរការ (OS) ផ្ទាល់ខ្លួន ដែលមានឈ្មោះ ថា BlackBerry 10 ប៉ុន្តែមិនទទួលបានជោគជ័យ ហើយបានប្ដូរមកប្រើ Android វិញនៅឆ្នាំ ២០១៥ ប៉ុន្តែមិនជោគជ័យដដែល៕