(ភ្នំពេញ)៖ ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ បានដាក់ឲ្យប្រើប្រាស់ នូវផលិតផលបន្ថែមថ្មី ការពារលើជំងឺធ្ងន់ធ្ងរ ជាច្រើនមុខ ជាលក្ខណៈបុគ្គល និងជាក្រុម។

កម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផលិតផលថ្មីនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។

ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុក មានបេសកកម្មក្នុងការផ្តល់ជូនការប្រឹក្សាហិរញ្ញវត្ថុ ដែលលោកអ្នកអាចទទួលបានការការពារ និងការសន្សំ តាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិត ប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាជនកម្ពុជា ព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះ ដល់អតិថិជន។ ដើម្បីសម្រេចបាននូវបេសកកម្ម ក្រុមហ៊ុនតែងតែរិះរក និងបង្កើតនូវផលិតផលថ្មីៗជានិច្ច ដើម្បីបំពេញតម្រូវ ការអតិថិជន។

លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បានលើកឡើងថា «ដូចដែលយើងបានដឹងហើយថា ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ គឺជាក្រុមហ៊ុនដែលឈានមុខគេ លើវិស័យធានារ៉ាប់រងទូទៅនៅកម្ពុជា។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន ហ្វតតេ មានអាយុកាលជាង២០ឆ្នាំមកហើយ»

លោក ចំរើនឫទ្ធិ បានបន្ថែមថា «សេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការយល់ដឹង របស់ប្រជាជនកម្ពុជា លើវិស័យធានារ៉ាប់រង មានការកើនឡើងគួរឲ្យកត់សម្គាល់។ ដោយហេតុផលនេះហើយ ទើបយើងបានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នេះឡើងក្នុងឆ្នាំ២០១៩»

លោក យក់ ចំរើនឫទ្ធិ បានបន្ដថា «សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ យើងតែងតែបង្កើតនូវអ្វីដែលថ្មីៗ ជាពិសេសយើងផ្តោតសំខាន់ ទៅលើការអប់រំប្រជាជនកម្ពុជា អំពីសារៈសំខាន់នៃការសន្សំប្រាក់ ដោយមានគោលដៅច្បាស់លាស់ និងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ តាមរយៈគម្រោង ដែលមានរយៈពេលពី១០ឆ្នាំ ដល់៣៥ឆ្នាំ ដើម្បីឲ្យពួកគាត់មានថវិកាមួយកញ្ចប់ សម្រាប់ការសិក្សាររបស់កូន បើកអាជីវកម្ម ទិញផ្ទះ ទិញរថយន្តថ្មី ឬមានប្រាក់សម្រាប់ចូលនិវត្តន៍ ដែលក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ នឹងជួយសម្រេចក្តីបំណងរបស់គាត់បាន»

ជាមួយនឹងសេដ្ឋកិច្ចមានការរីកចម្រើន និងការផ្លាស់ប្តូររបៀបរស់នៅ ប្រជាជនកម្ពុជាក៏មានបញ្ហាប្រឈមផងដែរ ជាមួយនឹងជំងឺធ្ងន់ធ្ងរផ្សេងៗដូចជា៖ ជំងឺមហារីក ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺ គាំងបេះដូង ជំងឺតម្រងនោម និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ប៉ុន្តែដោយសារមានការរីកចម្រើន ផ្នែកវេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ ជំងឺធ្ងន់ធ្ងរភាគច្រើនអាចព្យាបាលបាន។

លោកប្រធានក្រុមប្រឹក្សាភិបាល បញ្ជាក់បន្ថែមថា «ដោយមើលឃើញអំពីបញ្ហាប្រឈម កើតឡើងដោយសារជំងឺធ្ងន់ធ្ងរ និងកាចសាហាវជាច្រើន របស់ប្រជាជនកម្ពុជា យើងនៅពេលបច្ចុប្បន្ន ក្នុងនោះ ក្រុមគ្រួសារខ្លះ បានធ្លាក់ខ្លួនក្នុងវិបត្តិហិរញ្ញវត្ថុ ដោយសារតែចំណាយច្រើនក្នុងការព្យាបាល ហេតុដូចនេះហើយទើបក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បង្កើតផលិតផលធានាលើជំងឺធ្ងន់ធ្ងរនេះឡើង ដោយធានាទៅលើជំងឺធ្ងន់ធ្ងរទាំងនោះ ដើម្បីជួយសម្រាលបន្ទុក ក្នុងការចំណាយរបស់ប្រជាជនកម្ពុជាយើង នៅពេលដែលគាត់មានជំងឺធ្ងន់ធ្ងរ ប្រសិនបើគាត់បានប្រើប្រាស់សេវាធានារ៉ាប់រងរបស់យើង គឺខាងក្រុមហ៊ុនជាអ្នកធានាទៅតាមការសន្យា»

គួរបញ្ជាក់ផងដែរថា អតិថិជនអាចទទួលបាន ការការពារជំងឺធ្ងន់ធ្ងរនេះ ដោយបន្ថែមលើបណ្ណ សន្យារ៉ាប់រងមូលដ្ឋាន ដូចជា គម្រោងគាំពារ និងបណ្ណសន្យារ៉ាប់រង អាយុជីវិតជាក្រុម របស់ ហ្វតតេ ឡាយហ្វ៍៕