(កណ្តាល)៖ ក្រោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង២ឆ្នាំ ទៅលើគម្រោង និងការសាងសង់ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន បុត្រសម្ព័ន្ធ អាយ អេស អាយ គ្រុប ដែលមានឈ្មោះថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានប្រារព្ធកម្មវិធីសម្ពោធបើកដំណើរការជាផ្លូវការ រោងចក្រកែច្នៃដុំរ៉ូឡូ ដែក-ស ដែលជារោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ដំបូងគេនៅកម្ពុជា និងមានសមត្ថភាពផលិតដល់ទៅ២១ម៉ឺនតោនក្នុងមួយឆ្នាំ។

ពិធីបើកសម្ពោធនេះបានធ្វើឡើងនៅទីតាំងរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ដៃគូអាជីវកម្ម អតិថិជន ថ្នាក់ដឹកនាំ និងបុគ្គលិករបស់សមព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប ហើយកម្មវិធីសម្ពោធរោងចក្រថ្មីនេះក៏បានធ្វើឡើងស្របពេលដែរក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈានចូលគម្រប់ខួប២៥ឆ្នាំផងដែរ។

នេះជាមោទនភាពមួយសម្រាប់ប្រជាជន ក៏ដូចជាជនជាតិខ្មែរដែលអាចកែច្នៃដុំរ៉ូឡូដែក-ស សម្រាប់ផលិតដែកទីប-ស ដោយខ្លួនឯង ដែលសបញ្ជាក់ឲ្យឃើញ ពីភាពរីក ចម្រើន សក្តានុពល ក៏ដូចជាសមត្ថភាពរបស់កូនខ្មែរផងដែរ។

លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយ គ្រុប បានលើកឡើងពីមូលហេតុនៃការបង្កើតរោងចក្រកែច្នៃដុំរ៉ូឡូដែក-ស នេះថា ក្នុងទស្សវត្សចុងក្រោយនេះ ក្រុមហ៊ុនអេស អាយ ស្ទៀល បានផ្តោតលើការខិតខំប្រឹងប្រែងលើការធ្វើឱ្យកាន់តែប្រសើរឡើងនូវបច្ចេកវិទ្យា និងដំណើរការផលិតកម្ម ហើយក៏បាននឹងកំពុងបន្តពង្រីក អាជីវកម្ម លើឧស្សាហកម្មដែកនេះ។

លោក កាំង ឡេង បានបញ្ជាក់ទៀតថា ដើម្បីឱ្យ អាយ អេស អាយ ស្ទៀល នៅរក្សារដំណែងជាក្រុមហ៊ុនឈានមុខគេលើវិស័យមួយនេះ ក្រុមហ៊ុនត្រូវចាប់យកផ្នែក ខាងលើនៃខ្សែសង្វាក់តម្លៃឧស្សាហកម្មកែច្នៃដែកមួយនេះ ហើយស្របពេលដែលកម្ពុជាកំពុងតែមានការវិវឌ្ឍទៅមុខយ៉ាងលឿនលើវិស័យសំណង់ ជាពិសេសសំណង់ដែក ដែលធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ដែកមានការកើនឡើងជាខ្លាំង ដូចនេះរោងចក្រថ្មីមួយនេះនឹងជួយផ្គត់ផ្គង់ដុំរ៉ូឡូដែល-ស វត្ថុធាតុដើមគុណភាណខ្ពស់ដល់ក្រុមហ៊ុន និងសិប្បកម្មផលិតដែកទីបនៅក្នុងប្រទេសកម្ពុជា សមស្របទៅនឹងតាមគោលនយោបានអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់ប្រទេសកម្ពុជាផងដែរ។

បន្ថែមលើនេះលោកអគ្គនាយក កាំង ឡេង បានបញ្ជាក់ថា ការជោគជ័យនៃគម្រោងមួយនេះ គឺមូលដ្ឋានគ្រឹះមួយផ្សេងទៀត ដែលជួយជម្រុញដំណើរ អភិវឌ្ឍន៍របស់ ក្រុមហ៊ុន ISI STEEL សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខទៀត។ លោកជឿជាក់ថា សមត្ថភាពប្រកួតប្រជែងនាពេលអនាគតរបស់ក្រុមហ៊ុន ISI STEEL នឹងពឹងផ្អែក លើការចាប់ យកខ្សែសង្វាក់ តម្លៃឧស្សាហកម្មត្រឹមត្រូវ ជាមួយនឹងបច្ចេកវិទ្យា និងសង្វាក់ផលិតកម្ម ក៏ដូចជាធនធានមនុស្ស និងបណ្តាញចែកចាយត្រឹមត្រូវ។

សូមបញ្ជាក់ផងដែរថា សង្វាក់ផលិតកម្មកែច្នៃដុំរ៉ូឡូដែក-ស ISI មានលក្ខណៈស្របតាមស្តង់ដារ ឧស្សាហកម្មជប៉ុន ដោយផ្តោតលើគុណភាពជាចម្បង ដែលមានការ ពិសោធន៍ និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានយកចិត្តទុក ដាក់ខ្លាំង ទៅលើការការពារបរិស្ថាន ដោយបានបំពាក់នូវប្រព័ន្ធប្រើប្រាស់កំដៅឡើងវិញ និងប្រព័ន្ធប្រត្តិកម្មទឹកសំណល់ផងដែរ។

ដុំរ៉ូឡូដែក-ស ISI ជាផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលក្រុមហ៊ុនបានក៏កើតឡើងតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះ រួមមាន៖ ស័ង្កសី ISI ផាម ដែកទីប-ស អាយ អេស អាយ ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក PALM TRUSS ផ្ទះមេគង្គជាដើម។

គ្រប់ផលិតផល ISI STEEL ទាំងអស់ សុទ្ធតែ ឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យគុណភាព ISO 9001:2015 ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីភាពយកចិត្តទុកដាក់ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕