(សេអ៊ូល)៖ Hyundai Motor Co បានប្រកាសឱ្យដឹងថា ខ្លួនបានដាក់គោលដៅការលក់រថយន្តនៅក្នុងឆ្នាំ២០២២ ឱ្យសម្រេចបាន ៤,៣២លានគ្រឿង បើទោះបីជាស្ថានភាពជំងឺរីករាលដាលកូវីដ១៩ មិនទាន់ថមថយ និងកង្វះខាតបន្ទីឈីបមិនដោះស្រាយក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុនផលិតរថយន្តដ៏ធំជាងគេរបស់កូរ៉េខាងត្បូងមួយនេះ បានឱ្យដឹងកាលពីខែមុនថា បានកែប្រែគោលដៅលក់ឆ្នាំ ២០២១ មកត្រឹម ៤ លានគ្រឿងប៉ុណ្ណោះ ដោយកាលពីដើមឆ្នាំបានប្រកាសថានឹងលក់ឱ្យបាន ៤,១៦លានគ្រឿង ខណ:កាលពីឆ្នាំ ២០២០ បានរថយន្តចំនួន ៣,៧៤លានលានគ្រឿងត្រូវបានលក់។

នៅក្នុងត្រីមាសទី៣ ចន្លោះខែកក្កដា និងកញ្ញា ក្រុមហ៊ុន Hyundai ទទួលបានប្រាក់ចំណេញសុទ្ធ ចំនួន ១,៣ពាន់ពាន់លានវ៉ុន (ប្រហែល ១,១០ពាន់លានដុល្លារអាមេរិក) ខណៈដែលកាលពីត្រីមាសដូចគ្នាឆ្នាំមុន ក្រុមហ៊ុន Hyundai បានប្រកាសពីការខាតបង់ប្រាក់ប្រមាណ ៣៣៦ពាន់លានវ៉ុន ដោយសារបញ្ហាគុណភាព និងការប្រមូលរថយន្តមកជួសជុល។

ក្រុមហ៊ុន Hyundai បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការមួយថា ការលក់រថយន្តនៅឆ្នាំនេះមានភាពកើនឡើងយឺត ហើយក៏ប្រហែលជាអាចបន្ត កើន ឡើងយឺតរហូតឆ្នាំ២០២២ផងដែរ ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីប ហើយកាលពីថ្មីៗនេះក្រុមហ៊ុន Hyundai ក៏បានប្រកាសពីគម្រោងចង់បង្កើត និងអភិវឌ្ឍន៍បន្ទះឈីបដោយខ្លួន ដើម្បីកាត់បន្ថយការពឹងផ្នែកលើក្រុមហ៊ុនផ្គត់ផ្គង់ និងបញ្ហាកង្វះខាត ឈីប ជាសកល៕