(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលកីឡាករថ្មីម្នាក់ទៀតហើយ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខ គឺខ្សែបម្រើជប៉ុន Takashi Odawara ដែលធ្លាប់ស៊ុតបំប៉ោងសំណាញ់ទីខ្លួន ១គ្រាប់ក្នុងជំនួបពានរង្វាន់ AFC Cup 2020 កាលពីជិត ២ឆ្នាំមុន។

Odawara គឺជាអតីតសមាជិកក្លិបលីគកំពូលហ្វីលីពីន Ceres Negros (បច្ចុប្បន្នឈ្មោះ United City) ឆ្នាំ២០១៩-២០២០។ គ្រានោះស្របពេលព្រះខ័នរាជស្វាយរៀង បានទទួលកៅអីលេងពាន AFC Cup 2020 ដោយស្ថិតក្នុងពូល G ជាមួយ Ceres Negros ហើយជំនួបបើកឆាកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុមខ្លាំងហ្វីលីពីននេះ ៤-០ ក្នុងនោះ Odawara ក៏រកបាន ១គ្រាប់ដែរ។

ខ្សែបម្រើវ័យ ២៩ឆ្នាំខាងលើ គឺជាកីឡាករចំណូលថ្មីទី៣ ដែលព្រះខ័នរាជស្វាយរៀង បាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង ឡុង ភារ៉ាត់ ដែលផ្ទេរមកពីក្លិបអង្គរថាយហ្គឺរ និងខ្សែការពារកណ្ដាលជប៉ុន Mizuno Hikaru ផ្ទេរមកពីក្លិបនាគខៀវបឹងកេត ក្រោយចាកចេញរបស់ខ្សែប្រយុទ្ធ ១រូប គឺម្ចាស់ស្បែកជើងមាស ២សម័យ Privat ដែលផ្ទេរទៅលេងឲ្យក្លិបលីគកំពូលឥណ្ឌូនេស៊ី Bali United។

គួរដឹងថា Odawara បានផ្ដើមអាជីពបាល់ទាត់ដំបូងជាមួយក្រុមយុវជជនក្លិបសាកលវិទ្យាល័យកសិកម្មតូក្យូ នៅឆ្នាំ២០១៤ មុនផ្ទេរទៅលេងឲ្យក្លិបចំនួន៣ នៅលីគកំពូលហ្វីលីពីន រួមមានក្លិប Marikana City ឆ្នាំ២០១៥-២០១៧, ក្លិប Aguilas FC ឆ្នាំ២០១៨ និងក្លិប Ceres Negros (បច្ចុប្បន្នក្លិប United City) ពីឆ្នាំ២០១៩-២០២០ មុនផ្ទេរទៅលេងនៅក្លិបលីគកំពូលប្រទេសម៉ាឌីវ Maziya S&RC កាលពីឆ្នាំ២០២១ កន្លងទៅ៕