(អាមេរិក)៖ ខ្សែភាពយន្ត Spider-Man វគ្គថ្មី ដែលមានចំណងជើងថា «Spider-Man: No Way Home» ត្រូវបានគេមើលឃើញថា នៅតែបន្តរកប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីការចាក់បញ្ចាំងក្នុងរោងកុន ទោះបីជាស្ថិតក្នុងបរិបទជំងឺរាតត្បាតសាកលកូវីដ-១៩។ មានន័យថា ក្នុងឱកាសឈប់សម្រាកបុណ្យឆ្លងឆ្នាំសកល១ថ្ងៃ រឿងនេះរកលុយបានក្នុងស្រុក រហូតដល់ ៥២.៧លានដុល្លារ ធ្វើឲ្យប្រាក់សរុបកើនឡើង ១,២១៨ លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ត្រឹមថ្ងៃឈប់សម្រាកបុណ្យឆ្លងឆ្នាំសាកលរឿង «Spider-Man: No Way Home» ទទួលបានប្រាក់ចំណូលក្នុងស្រុកចំនួន ៥២.៧លានដុល្លារ ដែលធ្វើឲ្យប្រាក់ចំណូលក្នុងស្រុក សរុបកើនឡើងដល់ ៦០៩លានដុល្លារអាមេរិក។

ការបន្តទទួលបានប្រាក់ចំណូលដ៏ច្រើននៅពេលនេះ បានធ្វើឲ្យចំណូលពីការចាក់បញ្ចាំងនៅទូទាំងពិភលោក ចំពោះរឿង «Spider-Man: No Way Home» កើនឡើងដល់ ១,២១៨ លានដុល្លារអាមេរិក ខណៈរឿងនេះចំណាយប្រាក់ផលិតអស់ត្រឹមតែ ២០០លានដុល្លារអាមេរិកប៉ុណ្ណោះ។

គួរជម្រាបថា រឿង «Spider-Man: No Way Home» មានការចូលរួមពីសំណាក់តារាសម្ដែងដទៃទៀត ក្នុងភាពយន្ត ដូចជា Jacob Batalon (ចេខុប បាឡាតុន) ដែលដើរតួជាមិត្តល្អរបស់ Tom Holland (ថម ហុលឡេន) និង Zendaya (ហ្សេនដាយ៉ា) ផងដែរ។ រឿងនេះ បានជាប់ឈ្មោះជាខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនបំផុត ក្នុងបរិបទកូវីដ-១៩៕