(ភ្នំពេញ)៖ ខ្សែការពារជម្រើសជាតិកម្ពុជា សឿត បារាំង និងអ្នកចាំទី គង់ ចាន់វុទ្ធី បានត្រឡប់ទៅទ្រនំចាស់ នៃក្លិបភ្នំពេញក្រោនវិញហើយ បន្ទាប់ពីចាកចេញ ១រដូវកាល ក្រោមលក្ខខណ្ឌខ្ចីជើងរបស់ក្លិបអង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យកាលពីឆ្នាំ២០២១ កន្លងទៅ។

សឿត បារាំង បានលេងឲ្យអង្គរថាយហ្គឺរ ក្រោមលក្ខខណ្ឌខ្ចីជើង ១រដូវកាលពេញ ហើយគេបានរួមចំណែកយ៉ាងសំខាន់ ដើម្បីជួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ។ រីឯ គង់ ចាន់វុទ្ធី ក៏បានដើរតួសំខាន់ក្នុងការជួយក្រុមគិរីវង់សុខសែនជ័យផងដែរ ពិសេសគេបានរួមចំណែកជួយក្រុមឲ្យរក្សាបេក្ខភាព ៨ក្រុមចុងក្រោយ ដើម្បីប្រកួតប្រជែងក្នុងជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ទៀតផង។

មកទល់ពេលនេះ ក្រៅពីស្វាគមន៍ការត្រឡប់មកវិញរបស់កីឡាករទាំង ២រូបខាងលើ ភ្នំពេញក្រោន នៅមិនទាន់ប្រកាសនាំចូលរួមសមាជិកថ្មី ដើម្បីត្រៀមរដូវកាលឆ្នាំ២០២២ នោះទេ ក្រោយពួកគេបានបន្ដកិច្ចសន្យាជាមួយកីឡាករបរទេស ៣រូប គឺខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andres Nieto, ខ្សែបម្រើជប៉ុន Yudia Ogawa និងមិត្តរួមជាតិ Ose Takaki។ រីឯកីឡាករចាកចេញក៏មាន ២រូបផងដែរ គឺខ្សែប្រយុទ្ធប្រេស៊ីល Matheus S.Silva និងអ្នកចាំទី អ៊ុំ វិចិត្រ៕