(សេអ៊ូល)៖ ចំនួនអ្នកប្រើប្រាស់បណ្តាញទូរស័ព្ទចល័ត 5G នៅលើស្មាតហ្វូន ក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់ ២០លាននាក់ គិតត្រឹមខែវិច្ឆិកា ដែលនេះជាការកើនឡើងដ៏ខ្ពស់ និងលើកដំបូងចាប់តាំងពីសេវានេះត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីតាំងពីឆ្នាំ២០១៩ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

យោងតាមទិន្នន័យពីក្រសួងវិទ្យាសាស្រ្ត និងស្ថាប័ន ICT របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា ចំនួនអ្នកប្រើប្រាស់ 5G នៅលើស្មាតហ្វូន ក្នុងប្រទេសកូរ៉េខាងត្បូង សរុបមានចំនួន ២០,១៩លាននាក់ ក្នុងខែវិច្ឆិកាឆ្នាំ២០២១ ដែលស្មើនឹង ២៨ភាគរយនៃអ្នកប្រើប្រាស់សរុប ចំនួន ៧២,៥៧លាននាក់។

ប្រទេសកូរ៉េខាងត្បូងមានប្រជាជនចំនួន ៥២លាននាក់ និងបានប្រើប្រាស់បណ្តាញ 5G ជាលើកដំបូងនៅក្នុងខែមេសា ឆ្នាំ ២០១៩ ហើយរហូតមកដល់ពេលនេះមាន ទីក្រុងចំនួន ៨៥ ដែលគ្រប់ដណ្ដប់ដោយសេវា 5G ហើយបើយោងតាមទិន្នន័យចុងក្រោយកាលពីខែតុលា បានបង្ហាញថា អ្នកប្រើបណ្តាញ 5G មានចំនួន ១៩,៣៨លាននាក់ ខណៈដែលការចេញលក់ស្មាតហ្វូនថ្មី រួមទាំង iPhone 13 របស់ក្រុមហ៊ុន Apple, Galaxy Z Fold3 និង Galaxy Z Flip3 របស់ Samsung បានជំរុញឲ្យមានកំណើនអ្នកប្រើប្រាស់កាន់តែច្រើនឡើង។

អ្នកប្រើប្រាស់បណ្តាញ 4G នៅលើទូរស័ព្ទចល័តនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញបានធ្លាក់ចុះមកនៅត្រឹម ៤៨,៥៥លាននាក់ក្នុងខែវិច្ឆិកា ដែលស្មើនឹង ៦៧ភាគរយនៃចំនួនអ្នកប្រើសរុប៕