(រីយ៉ូ)៖ ម្ចាស់ពានរង្វាន់ World Cup ២លើក លោក Ronaldo បានខកខានការប្រារព្ធខួបលើកទី១០១ នៃក្លិបប្រេស៊ីល Cruzeiro ដែលលោកបានទិញភាគហ៊ុនគ្រប់គ្រង កាលពីខែមុន បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ។

បុរសវ័យ៤៥ឆ្នាំរូបនេះ មានរោគសញ្ញាស្រាល ហើយកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក ស្របតាមវិធានការសុខាភិបាល, នេះបើតាមក្លិប Cruzeiro បានឲ្យដឹង។

«ក្លិប Cruzeiro សូមប្រកាសថា នៅព្រឹកថ្ងៃអាទិត្យនេះ លោក Ronaldo Nazario រកឃើញវិជ្ជមានជំងឺកូវីដ១៩», នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

លោក Ronaldo បានទិញភាគហ៊ុនធំ នៅក្លិប Cruzeiro តម្លៃ៧០លានដុល្លារ កាលពីខែមុន។

អតីតខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានចាប់ផ្តើមអាជីពបាល់ទាត់របស់លោក នៅឯក្លិប Cruzeiro ក្នុងឆ្នាំ១៩៩៣, ស៊ុតបញ្ចូលទីបាន៥៦គ្រាប់ ក្នុង៥៨ប្រកួត នៃការប្រកួតទាំងអស់ មុនពេលផ្លាស់ទៅក្លិប PSV Eindhoven កាលពីខែកក្កដា ឆ្នាំ១៩៩៤។

លោក Ronaldo, ដែលជាម្ចាស់ក្លិបអេស្ប៉ាញ Real Valladolid ដែរនោះ, បានចូលនិវត្តន៍ពីអាជីពកីឡាករ ក្នុងឆ្នាំ២០១១ បន្ទាប់ពីធ្លាប់លេងឲ្យទាំងក្លិប Barcelona, Inter Milan និងក្លិប Real Madrid ផងដែរនោះ។

លោកបានស៊ុតបញ្ចូលទី៦២គ្រាប់ ក្នុង៩៨ប្រកួត សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ហើយជាសមាជិកមួយរូប នៃការដណ្តើមបានជោគជ័យ របស់ក្រុមជម្រើសជាតិ ក្នុងយុទ្ធនាការ World Cup ឆ្នាំ១៩៩៤ និងឆ្នាំ២០០២៕