(អាមេរិក)៖ Apple បានក្លាយជាក្រុមហ៊ុនដំបូងគេបំផុតនៅលើពិភពលោកដែលមានតម្លៃនៅលើទីផ្សាររហូតដល់ ៣ពាន់ពាន់លានដុល្លារអាមរេរិក ខណ:ដែលអ្នកវិនិយោគជាច្រើនបាននិយាយថា ក្រុមហ៊ុនផលិត iPhone មួយនេះនឹងបន្តលក់ដាច់បំផុត នូវ ផលិតផលថ្មីរបស់ខ្លួន ដែលត្រូវបានគេជឿជាក់ថាជារថយន្តបើកបរដោយស្វ័យប្រវត្តិ ឬឧបករណ៍ពិតនិម្មិត (VR)។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃដំបូងនៃការជួញដួរក្នុងឆ្នាំ២០២២ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានឡើងដល់កម្រិតមួយខ្ពស់បំផុត និងបានជំរុញឱ្យតម្លៃក្រុមហ៊ុន នៅលើទីផ្សារកើនដល់ ៣ពាន់ពាន់លានដុល្លារអាមេរិក។

ក្រុមអ្នកវិភាគបានមើលឃើញថា កត្តាដែលជួយជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងខ្ពស់យ៉ាងនេះដោយសារតែ អ្នក ប្រើប្រាស់បានបន្តចាយប្រាក់ទៅលើផលិតផល និងសេវាកម្មរបស់ Apple ដែលមានដូចជា iPhone, MacBooks, Apple TV, Apple Music ជាដើម ហើយអ្វីដែលពិសេសនោះគឺថា វត្តមាននៃផលិតផលថ្មី ដែលពុំធ្លាប់មានគឺ រថយន្តបើកបរដោយស្វ័យប្រវត្តិ ឬឧបករណ៍ពិតនិម្មិត (VR) ដែលនឹងចូលខ្លួនមកនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ក្រុមអ្នកវិនិយោគជាច្រើនបានផ្ដល់នូវទំនុកចិត្តខ្ពស់ដល់ក្រុមហ៊ុន Apple សម្រាប់ឆ្នាំ២០២២នេះ និងបានបន្ថែមទុនវិនិយោគ ដោយសារតែ ពួកគេបានយល់ឃើញថា ពួកគេនឹងទទួលបានប្រាក់ចំណេញខ្ពស់នៅពេលដែល Apple ប្រកាសបង្ហាញវត្តមានផលិតផលថ្មី។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់មានដូចជា Microsoft Corp បានកើនឡើងពី ២ពាន់ពាន់លានដុល្លារ មកដល់ ២,៥ពាន់ពាន់លានដុល្លារ ខណ:ដែលក្រុមហ៊ុន Alphabet Inc , Amazon.com Inc និង Tesla Inc មានតម្លៃ ១ពាន់ពាន់លានដុល្លារ៕