(មេនឆេស្ទើ)៖ ១គ្រាប់នៅនាទី៨២ របស់កីឡាករ Joao Moutinho ជួយឲ្យ Wolverhamton Wanderers យកឈ្នះម្ចាស់ផ្ទះ Manchester United ១-០ នៅទឹកដី Old Trafford បញ្ចប់ភាពលេងមិនចាញ់នៃបិសាចក្រហម ក្រោមការបង្វឹករបស់អ្នកចាត់ការស្តីទី Ralf Rangnick។

នេះជាលើកដំបូងផងដែរ ដែលក្រុមចចកខ្មៅ Wolves រកបានជ័យជម្នះនៅក្នុងផ្ទះរបស់ Man Utd គិតចាប់តាំងពីឆ្នាំ១៩៨០ មក និងជាការសង្រ្គោះបាល់បានយ៉ាងល្អផងដែរពីអ្នកចាំទី Jose Sa ក្នុងម៉ោងថែម ៥នាទីបង្រ្គប់នោះ។

ក្រុមភ្ញៀវ Wolves បានធ្វើការគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុងសម្រាប់វគ្គទី១ មក ដ្បិតរកបានតែ ១គ្រាប់នៅខ្វះ ៨នាទីដល់ម៉ោងបញ្ចប់នោះ នៅពេលគ្រាប់មិនទំនងជាកើតឡើងរបស់ Moutinho នៅពេលខ្សែការពារកណ្តាល Phil Jones រារាំង នៅពេលរូបគេ (Jones) បានអវត្តមានជិត ២ឆ្នាំមកនេះ ដោយសារបញ្ហារបួស។

Jones ដែលកើនវ័យ ៣៥ឆ្នាំទៅហើយនោះ បានតែតបាល់ចេញពីប្រអប់គ្រោះថ្នាក់ តែធ្លាក់មកត្រូវ Moutinho និងស៊ុតបញ្ចូលទីបានសម្រេច ដែលជាគ្រាប់ដំបូងរបស់លោកផងដែរ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ មក។

អ្នកគាំទ្រ Wolves បានហ៊ោរកញ្ជ្រៀវពេញកីឡដ្ឋាន Old Trafford នៅពេលលោកអាជ្ញាកណ្តាលកញ្ចែបញ្ចប់ការប្រកួត ដ្បិតក្រុមរបស់ពួកគេបន្តនៅលេខរៀងទី៧ ក្នុង Premier League ជាបណ្តោះអាសន្នក្តី មានគម្លាត ២២ពិន្ទុពីក្រុមកំពូល Manchester City និងនៅសល់ ២ប្រកួតក្នុងដៃថែមទៀត និងនាំមុខ Man Utd ដែលឈរលេខ៨ ជាមួយ ៣ពិន្ទុទៀតផង៕