(ប៉ារីស)៖ ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Kylian Mbappe រកបាន ៣គ្រាប់ម្នាក់ឯងក្នុងជំនួបដែល Paris Saint Germain យកឈ្នះក្រុមមកលីគទី៤ បារាំង Vannes ក្នុងលទ្ធផល ៤-០ ពីក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃពាន French Cup 2021-2022។

នេះជាលើកទី២ របស់ Mbappe ដែលធ្វើបានហែតទ្រីកឲ្យ PSG ក្នុងរដូវកាលនេះ ដែលរូបគេកើនគ្រាប់ស៊ុតបាន ១៥០គ្រាប់ពីការចូលលេងបាន ១៩៦ប្រកួតជាមួយក្រុមខ្លាំងប្រចាំនៅទីក្រុង Paris ប្រទេសបារាំងមួយនេះ។ Mbappe បានក្លាយជាកីឡាករទី៣ ដែលស៊ុតបានច្រើនគ្រាប់ឲ្យក្រុមខ្លាំងខាងលើដែរ។

មិត្តរួមក្រុម Presnel Kimpembe រកបានតែ ១គ្រាប់នាំមុខសម្រាប់វគ្គទី១ ក្រោយទទួលបាល់លើកចេញពីជ្រុងរបស់ Nuno Mendes។

PSG គ្រងតំណែងជើងឯក French Cup បាន ៦ដង ក្នុងចំណោម ៧រដូវកាលចុងក្រោយនេះ និងតែងតែឈានដល់វគ្គផ្តាច់ព្រ័ត្រជានិច្ចគិតចាប់តាំងពីឆ្នាំ២០១៥ មក។ ខ្សែប្រយុទ្ធដូចគ្នា Lionel Messi បានឆ្លងជំងឺ COVID-19 ក្នុងចំណោមមិត្តរួមក្រុម ៣នាក់ផ្សេងទៀត ដែលបានអវត្តមានពីការប្រកួតនេះ៕