(បរទេស)៖ តួឃាតកដៃឆៅ ក្នុងខ្សែភាពយន្ត «The Matrix» គឺតារាល្បី Keanu Reeves (ឃៀនូ រីហ្វស៍) បានប្រកាសបរិច្ចាគប្រាក់ចំណូលរបស់ខ្លួន បានមកពីការថតរឿង «The Matrix» ចំនួន៧០ភាគរយ ទៅដល់ស្ថាប័នស្រាវជ្រាវជំងឺមហារីក ព្រោះតែហេតុផលផ្ទាល់ខ្លួនដ៏សំខាន់មួយ។

តារាប្រុសដែលមានទឹកចិត្តមនុស្សធម៌ Keanu Reeves (ឃៀនូ រីហ្វស៍) ត្រូវបានគេដឹងថា ជាតារាហូលីវូដដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ និងជាតារាដែលមានចិត្តចេះជួយមនុស្សមានទុក្ខលំបាកផងដែរ។ មានន័យថា ប្រាក់ចំណូលដែលទទួលបាន តារារូបនេះមិនមែនទុកសម្រាប់តែខ្លួនឯងនោះឡើយ គឺលោកបានយកទៅបរិច្ចាគដល់ស្ថាប័ន ស្រាវជ្រាវជំងឺ ដើម្បីជួយជនជួបដែលកំពុងការលំបាក និងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ។

ជាក់ស្តែង ថ្មីៗនេះលោកបានប្រកាសផ្តល់ប្រាក់ ៧០ភាគរយដែលទទួលបានពីការថតរឿង «The Matrix» ដល់ស្ថាប័នមួយឈ្មោះថា «Leukaemia Research» ដែលធ្វើកិច្ចការងារលើការស្រាវជ្រាវជំងឺផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងជំងឺមហារីកតែម្តង។

គួរជម្រាបថា ការបរិច្ចាគនេះ គឺដោយសារតែលោក Keanu Reeves (ឃៀនូ រីហ្វស៍) មានហេតុផលផ្ទាល់ខ្លួនដ៏សំខាន់មួយនោះគឺ ប្អូនស្រីរបស់លោក ឈ្មោះ Kim បច្ចុប្បន្នមានវ័យ៥៥ឆ្នាំ បានតស៊ូនឹងជំងឺអស់រយៈពេលជាយូរឆ្នាំមកហើយ ហើយលោកមិនដែលភ្លេចបញ្ហានេះឡើយ។ ប្អូនស្រីរបស់លោក ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកគ្រាប់ឈាមតាំងពីឆ្នាំ ១៩៩១មកម្ល៉េះ៕