(សៀមរាប)៖ ជារៀងរាល់ថ្ងៃ ក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរបានខិតខំអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយសម្អាតរុក្ខជាតិទាំងតូចធំ ដែលដុះនៅលើប្រាសាទ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗមកលើប្រាសាទ។

លោក ឈឿម ទ្រី ក្នុងនាមបុគ្គលិកផ្នែកសម្អាតរុក្ខជាតិ តាមប្រាសាទមួយរូប បានឱ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ ចង់ថែរក្សាប្រាសាទបុរាណ និងចង់ឱ្យប្រាសាទនៅគង់វង្សយូរបន្តទៀត លោកមានការតាំងចិត្តជាខ្លាំងដើម្បីកាត់សម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទទាំងអស់ក្នុងឧទ្យានអង្គរ។

លោកបន្តថា ក្នុងបទពិសោធន៍ការងារ រយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ទោះបីដឹងថា ត្រូវប្រឈមមុខខ្លះៗ នឹងគ្រោះថ្នាក់មួយចំនួន ដោយសារការតោងឡើង ទៅលើកំពូលខ្ពស់ៗ នៃប្រាសាទដើម្បីកាត់សម្អាតរុក្ខជាតិ រូបលោកនៅតែមានសេចក្តីពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន៕