(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Toyota Motor Corp គ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការ (OS) ផ្ទាល់ខ្លួនដែលមានសមត្ថភាពខ្ពស់ និងគ្រោងយកទៅប្រើប្រាស់ជាមួយនឹងមុខងារបើកបរដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២៥ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២២។

ប្រព័ន្ធប្រតិបត្តិការនេះ មានមុខងារពិសេសជាច្រើនដូចជា ការគ្រប់គ្រងប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធអាគុយរថយន្តអគ្គិសនី ហើយជាពិសេសគឺគ្រប់គ្រង់ទៅលើមុខងារបើកបរដោយស្វ័យប្រវត្តិ, កម្មវិធីកម្សាន្ត និងកម្មវិធីបង្ហាញផែនទី។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះនឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួននេះ នៅឆ្នាំ២០២៥ ហើយក្រុមហ៊ុននេះក៏មានគម្រោងនឹងដាក់ផ្ដល់សិទ្ធិ ឬសហការជាមួយនឹងក្រុមហ៊ុនដទៃក្នុងការប្រើប្រាស់ប្រព័ន្ធដំណើរការនេះនាពេលអនាគតផងដែរ។

យោងតាមរបាយការណ៍បានបន្ថែមទៀតថា ក្រុមហ៊ុន Toyota កំពុងពិចារណាទៅលើការផ្ដល់អាជ្ញាប័ណ្ណក្នុងការប្រើប្រាស់ប្រព័ន្ធដំណើរការនេះឱ្យទៅរោងចក្រ និងកន្លែងផលិតរថយន្តផ្សេងៗទៀត ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ឬក្រុមហ៊ុនផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ និងមួយផ្សេងទៀតក៏អាចជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក។

ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Toyota នេះ នឹងក្លាយជាគូប្រកួតប្រជែងដណ្ដើមចំណែកទីផ្សារពីក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដូចជា Volkswagen AG និង Daimler AG ។

ពាក់ព័ន្ធនឹងរបាយការន៍មួយនេះ ខាងក្រុមហ៊ុន Toyota មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំបញ្ជាក់ពីសំណាក់សារព័ត៌មាន Reuters ឡើយ៕