(អាមេរិក)៖ Facebook ត្រូវបានគេទទួលស្គាល់ថាជាបណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយក៏ជាបណ្ដាញសង្គមមួយដែលមានបញ្ហាគាំងច្រើនជាងគេផងដែរ ដោយនៅក្នុងឆ្នាំ ២០២១កន្លងទៅនេះគេសង្កេតឃើញថា Facebook បានគាំង ជាច្រើនដង ប៉ុន្តែការគាំងមិនដំណើរការដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នោះគឺមាន៤ដងធំៗ។

យោងតាមរបាយការណ៍ដែលបង្ហាញនៅលើគេហទំព័រ Wikipedia បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្មវិធីផ្ញើសារ Facebook Messenger និង Instagram ត្រូវបានគេរាយការណ៍មកថា កើតមានបញ្ហា មិនអាចផ្ញើសារបាន ដោយបញ្ហានេះកើតមាននៅលើអ្នកប្រើប្រាស់មួយចំនួនធំនៅជុំវិញពិភពលោក។

ក្រោយមកទៀត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បណ្ដាញសង្គម Facebook បានគាំងអស់រយៈពេលជាយូរ និងប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ដោយក្នុងនោះ បណ្ដាញសង្គម Instagram និង WhatsApp ក៏រងផលប៉ះពាល់ផងដែរ។

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន Dows Dectector បានចេញផ្សាយថា បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានគាំងនៅជុំវិញពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់មិនអាចចូលទៅប្រើបានទាំងនៅលើកុំព្យូទ័រ និងនៅលើទូរស័ព្ទដៃ ហើយការគាំងនេះទៀតសោតគឺមិនត្រូវបាន Facebook បញ្ជាក់ពីមូលហេតុឡើយ។

នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ បណ្ដាញសង្គម Facebook បានគាំងជាលក្ខណ:ទ្រង់ទ្រាយធំ ហើយបើតាមការបញ្ជាក់ពីសំណាក់ Dows Dectector គឺបានគាំងប្រហែលជា ៦ ទៅ៧ម៉ោង ដោយក្នុងនោះ Facebook, Instagram, WhatsApp និង Messenger គឺមិនអាចប្រើប្រាស់បានទាំងអស់។

នៅក្នុងអំឡុងពេលនៃការគាំងរបស់ Facebook លើកចុងក្រោយនេះ បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនរត់ទៅប្រើកម្មវិធីផ្សេងវិញ ជាពិសេសគឺ កម្មវិធី Telegram និង Twitter៕