(កូរ៉េ)៖ បន្ទាប់ពី Suga ដែលជាសមាជិកម្នាក់ក្នុងក្រុម BTS បានប្រកាសពីការជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩ កាលពីម្សិលមិញហើយនោះ នៅថ្ងៃនេះ គឺមានសមាជិក២រូបទៀត គឺ RM និង Jin បានរាយការណ៍មកថា ក៏បានជាសះស្បើយទាំងស្រុងពីកូវីដ-១៩ ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន All Kpop នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

តាមផលិតកម្ម Big Hit បានឲ្យដឹងថា សមាជិក BTS គឺ Suga បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ១៩ហើយ ហើយការធ្វើចត្តាឡីស័ករបស់លោកក៏បានចប់សព្វគ្រប់ដែរ គិតត្រឹម ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានព្យាបាលនៅផ្ទះរយៈពេល១០ថ្ងៃ។ បន្ទាប់ពីបានជាសះស្បើយ Suga ក៏អាចវិលត្រឡប់ទៅបំពេញការងាររបស់គេ ជាធម្មតាវិញផងដែរ។

បន្ថែមពីនេះ ងាកមកសមាជិកពីររូបទៀត គឺ RM និង Jin ក៏ត្រូវបានផលិតកម្ម Big Hit បញ្ជាក់ថា បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ និងបានបញ្ចប់ការធ្វើចត្តាឡីស័ក ត្រឹមថ្ងៃនេះ។

គួរជម្រាបថា សមាជិកទាំង៣នាក់ខាងលើ ក្នុងក្រុម BTS ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅអំឡុងថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីពួកគេត្រឡប់មកពីប្រគំតន្រ្តីនៅអាមេរិក៕