(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកលីគអាជីព MPL-KH Pro League នៃវិញ្ញាសា Mobile Legends: Bang Bang គ្រោងនឹងត្រឡប់មកវិញ នាពេលឆាប់ៗខាងមុខ ជាមួយនឹងទម្រង់ប្រកួតកាន់តែអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ជាងរដូវកាលទី១។

យោងតាមការជូនដំណឹងគណៈកម្មការរៀបចំព្រឹត្តិការណ៍ដ៏ធំនៅកម្ពុជានេះ បានឲ្យដឹងថា ការប្រកួតរដូវកាលថ្មី ឆ្នាំ២០២២ នឹងប្រើទម្រង់ប្រកួតថ្មី ដើម្បីបង្កើនភាពអស្ចារ្យ ទាក់ទាញ និងកាន់តែអាជីពបន្ថែមទៀត ក្នុងន័យរួមចំណែក និងជំរុញការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ប្រភពដដែលបញ្ជាក់ថា «វានឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញ រំភើបរីករាយ និងអស្ចារ្យនៅពេល MPL-KH Pro League ត្រូវបានបែងចែកជា ២វគ្គផ្សេងគ្នា ពោលគឺវគ្គ Spring Split និងវគ្គ Autumn Split។ សម្រាប់វគ្គ Spring Split រំលេចដោយទ្រឹស្តី «កើតមកពូកែ» ដែលនឹងផ្តល់ជូនអត្តពលិកស្វែងរកការបំពេញក្តីស្រមៃតាមរយៈទេពកោសល្យ និងភាពឆ្លាតវៃឆ្ពោះរកភាពរុងរឿង ។ ដូច្នេះមានន័យថា ក្រុមនីមួយៗ នឹងមានឱកាសចូលរួមប្រកួត ២ដងក្នុង ១ឆ្នាំ»

ទន្ទឹមជាមួយការប្រកាសត្រឡប់មកវិញ នៃព្រឹត្តិការណ៍ MPL-KH Pro League រដូវកាលទី២ ឆ្នាំ២០២២ គណៈកម្មការរៀបចំការប្រកួត ក៏ចាប់ផ្ដើមទទួលពាក្យក្រុមចូលរួមផងដែរ ដែលការទទួលពាក្យនេះ នឹងបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ខាងមុខ ។ គណៈកម្មការរៀបចំរំពឹងថា ការប្រកួតរដូវកាលថ្មីនេះ នឹងមានក្រុមចូលរួមច្រើន មិនចាញ់រដូវកាលទី១ ឡើយ ដើម្បីបង្ហាញសមត្ថភាព និងការប្រកួតប្រជែង ឆ្ពោះទៅរកឱកាសចូលរួមការប្រកួតលើឆាកអន្ដរជាតិ។

កាលពីរដូវកាលទី១ ព្រឹត្តិការណ៍ MPL-KH Pro League 2021 បានទាក់ទាញក្រុមចូលរួមសរុប ២៥៦ក្រុម។ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាច្រើនសប្ដាហ៍ ទើបរកឃើញក្រុមជើងឯក គឺក្រុម See You Soon ដែលទទួលបានប្រាក់រង្វាន់ ១៥,០០០ដុល្លារ និងមានសិទ្ធចូលរួមប្រកួតជើងឯកពិភពលោក M3 នៅសិង្ហបុរី កាលពីចុងឆ្នាំ២០២១ កន្លងទៅ ដោយទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមក្រុមខ្លាំងៗចំនួន ១៦ក្រុម អមជាមួយប្រាក់រង្វាន់លើកទឹកចិត្ត ១៥,០០០ដុល្លារទៀតផង៕