(ភ្នំពេញ)៖ ក្រុមការងារចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដឹកនាំដោយលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធ បានចុះពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធនៃពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍ ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ AFF U23 Championship 2022 នាខែកុម្ភៈខាងមុខ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅថ្ងៃទី០៤ ខែមករានេះ ការចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធទីលានទាំង ២ខាងលើ គឺដើម្បីត្រៀមលក្ខណៈក្នុងការសហការជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក្នុងការរៀបចំការប្រកួតពានរង្វាន់ AFF U23 Championship 2022 ចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈខាងមុខ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។

គួរដឹងថា ព្រឹត្តិការណ៍បាល់ទាត់យុវជន U23 ប្រចាំតំបន់ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនេះ មានបេក្ខភាព ១១ក្រុមចូលរួម និងបែងចែកជា ៣ពូល ហើយលទ្ធផលចាប់ឆ្នោតកាលពីថ្មីៗ ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ។ ចំណែកពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ ខណៈពូល C មានថៃ វៀតណាម និងសិង្ហបុរី៕