(អាមេរិក)៖ ផលិតកម្មភាពយន្តដ៏ល្បី Sony Pictures បានប្រកាសពន្យារពេលចាក់បញ្ចាំង ខ្សែភាពយន្តបែបវីរៈបុរសក្នុងចក្រវាឡ Marvel គឺ រឿង «Morbius» រហូតដល់ខែមេសា ខណៈការពន្យារពេលនេះ គឺដោយសារតែការព្រួយបារម្ភ ពីវីរុសបំប្លែងថ្មី Omicron។

យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្សែភាពយន្ត «Morbius» ដែលសម្តែងដោយ Jared Leto (តួអង្គ Joker ក្នុងរឿង Suicide Sqaul) ត្រូវបានពន្យារពេលចាក់បញ្ចាំងជាច្រើនលើកមកហើយ ដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវិដ-១៩។ ការបរិច្ឆេទចុងក្រោយបំផុត នៃការចាក់បញ្ចាំងរឿងនេះ គឺគ្រោងបញ្ចេញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ក៏ប៉ុន្តែគម្រោងនេះ ស្រាប់តែត្រូវបានលើកពេលម្តងទៀត ពោលគឺលើកទៅខែមេសា ឆ្នាំ២០២២ វិញម្តង។

ម្ចាស់រោងភាពយន្តធំៗជាច្រើន បានចាត់ទុកការពន្យារពេលចាក់បញ្ចាំងរឿងនេះ គឺជាការដើរថយក្រោយ ត្បិតថាពួកគេកំពុងតែខិតខំងើបឡើងវិញ ក្រោយបិទខ្ទប់អស់រយៈពេលជាយូរ ដោយសារវិបត្តិកូវីដ-១៩។ ខណៈបច្ចុប្បន្ននេះ ខ្សែភាពយន្ត «Siper-Man: No Way Home» កំពុងតែចាក់បញ្ចាំងក្នុងរោងកុន និងទទួលប្រាក់ចំណេញខ្ទង់ពាន់លានដុល្លារ។ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភជាថ្មី ដែលគេមិនទាន់ហ៊ានបញ្ចេញរឿង «Morbius» មក គឺដោយសារវីរុសបំប្លែងថ្មី Omicron ដែលធ្វើឲ្យទស្សនិកជនមួយចំនួនគ្មានអារម្មណ៍ថា មានផាសុខភាពពេលទស្សនា។

គួរជម្រាបថា រឿង «Morbius» ជាភាពយន្តចេញពីរឿង «Spider-Man» របស់ Sony Pictures។ រឿងនេះ និយាយពីរឿងរ៉ាវរបស់ដុកទ័រ Michael Morbius ដែលសម្តែងដោយ Jared Leto ដែលមានជំងឺឈាមដ៏កម្រ និងខិតខំរកវិធីព្យាបាលជំងឺដោយខ្លួនឯង រហូតក្លាយទៅជាបិសាចជញ្ជក់ឈាម ដែលត្រូវការឈាមពីអ្នកដទៃ ដើម្បីបំពេញសេចក្តីស្រេកឃ្លានរបស់ខ្លួនដើម្បីរស់ ជាពិសេស គឺឈាមរបស់ «Spider-Man» ដែលគេគិតថា នឹងអាចព្យាបាលខ្លួនបាន៕