(សេអ៊ូល)៖ ក្រុមហ៊ុន Samsung បានលើកឡើងថាពួកគេបានលក់ទូរស័ព្ទស៊េរី Galaxy Z ដែលអាចបត់បាន កើនឡើងចំនួន ៤ដងនៅក្នុងឆ្នាំ២០២១ បើធៀបទៅនឹងឆ្នាំ២០២០ ហើយពួកគេនឹងពង្រឹងបន្ថែមទៀតទៅលើផ្នែកស្មាតហ្វូនរបស់ពួកគេឱ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhab នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១។

ការលក់សរុបរបស់ទូរស័ព្ទស៊េរី Galaxy Z ត្រូវបានគេជឿថាលក់បានប្រហែលចន្លោះ ៨-៩លានគ្រឿងនៅក្នុងឆ្នាំ២០២១ ដោយប្រជាប្រិយភាពរបស់ Galaxy Z Fold3 ដែលមានរូបរាងអាចបត់ពាក់កណ្តាលដូចជាសៀវភៅ ព្រមទាំងស៊េរី Galaxy Z Flip3 ប្រភេទ clamshell ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះមិនបានបង្ហាញពីចំនួនលក់ពិតប្រាកដនោះឡើយ។

ក្រុមហ៊ុន Samsung បានបន្តទៀតថា រយ:ពេលមួយខែបន្ទាប់ពីដាក់លក់នៅលើទីផ្សារ លទ្ធផលនៃការលក់រួមគ្នានៃម៉ូឌែលដែលអាចបត់បានថ្មីទាំងពីរនេះ លក់បានច្រើនលើសពីការលក់សរុបនូវម៉ូឌែលដែលបត់បានរបស់ Samsung កាលពីឆ្នាំ២០២០។

ទូរស័ព្ទ Samsung ទាំងពីរម៉ូឌែលនេះ ត្រូវបានគេរកឃើញថាជាទូរស័ព្ទ ដែលពេញនិយមជាងគេបំផុត រួមជាមួយនឹងការរចនាដល់ទាន់សម័យ មានសមត្ថភាពធ្វើការងារជាច្រើន និងភ្ជាប់ជាមួយ S Pen (ប៊ិច) ជាមួយនឹងកំណើនអ្នកប្រើប្រាស់កាន់តែច្រើន។

បើប្រៀបធៀបជាមួយ Galaxy Note20 ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ពួកគេបានឃើញការកើនឡើងរហូតដល់ ១៥០ ភាគរយនៃអ្នកប្រើប្រាស់ ដែលបានប្តូរមកប្រើ Galaxy Z Flip3 និងបានកើនឡើង ១៤០ភាគរយបើធៀបនឹង Galaxy S21 ហើយក្រុមហ៊ុន Samsung បានដាក់លក់មូឌែលទាំងពីរគឺ Z Fold3 និង Z Flip3 ជាមួយនឹងតម្លៃទាបជាងទីផ្សារបើធៀបជាមួយនឹងតម្លៃមុនៗ។

បើយោងតាមស្ថាប័នស្រាវជ្រាវ Counterpoint Research ធ្លាប់បានប៉ាន់ប្រមាណថា ទីផ្សារស្មាតហ្វូនដែលអាចបត់បាននឹងកើនឡើងបីដងនៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ២០២០ ហើយ Samsung នឹងគ្រប់គ្រងចំណែកទីផ្សារ ស្មាតហ្វូនប្រភេទនេះរហូតដល់ ៧៥ភាគរយរហូតដល់ឆ្នាំ ២០២៣៕