(ឡុងដ៏)៖ កីឡាករលំដាប់លេខ ២ពិភពលោក Peter Wright ដណ្តើមបានពានរង្វាន់កម្រិតពិភពលោកនៃព្រឹត្តិការណ៍ប្រកួតគប់ព្រួញ PDC Darts World Champion 2022 បន្ទាប់ពីយកឈ្នះលោក Michael Smith ក្នុងវគ្គផ្តាច់ព្រ័ត្រនៃលទ្ធផល ៧-៥ ដោយលោកទទួលបានប្រាក់រង្វាន់ប្រមាណ ៥សែនផោនអមនិងពានមួយ ដែលការប្រកួតធ្វើនៅ Ally Pally ទីក្រុងឡុងដ៍។

បុរសសញ្ជាតិស្កុតឡេនវ័យ ៥១ឆ្នាំ Peter Wright ជាជើងខ្លាំងម្នាក់ឈ្នះជើងឯកផ្នែកកីឡានេះ ៧កម្មវិធីផ្សេងគ្នាមានពាន World Matchplay 2021, UK Open 2017, European Championship 2020, Player Championship Finals 2021, និងពានកម្រិត Masters 2020 ហើយនេះជាលើកទី២ ដែលលោក Peter Wright ដែលដណ្តើមបានពានកម្រិតពិភពលោកផ្នែកកីឡារគប់ព្រួញនេះ ខណៈគូប្រជែងលោក Michael Smith បានត្រឹមរងជើងឯកពាននេះ ២សម័យកាលនាឆ្នាំ២០១៩ និងឆ្នាំ២០២២នេះ។

បញ្ជាក់ផងថា ផ្នែកកីឡាគប់ព្រួញនេះអ្នកដែលឈរលេខ ១ពិភពលោក គឺបុរសសញ្ជាតិវេលស៍ Gerwyn Price ហើយលោក Peter Wright ឈរលេខ២ និងលោក Michael Van Gerwen ឈរលេខ៣ ដែលលទ្ធផលចំណាត់ថ្នាក់នេះគិតចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ៕