(ឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Romelu Lukaku បានធ្វើការសុំអភ័យទោស ហើយនឹងវិលត្រឡប់ចូលទៅកាន់ក្រុម Chelsea វិញសម្រាប់ការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់ Carabao Cup នាថ្ងៃពុធស្អែកនេះ ដែលត្រូវប៉ះនឹងក្រុម Tottenham។ នេះបើតាមសម្តីអ្នកចាត់ការទូទៅ លោក Thomas Tuchel ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

Lukaku ត្រូវបានដកឈ្មោះចេញពីការប្រកួតក្នុងលីគ Premier League ដោយលទ្ធផលស្មើជាមួយក្រុមភ្ញៀវ Liverpool បន្ទាប់ពីបញ្ចេញមតិយោបល់ នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានថតកាលពី ៣សប្តាហ៍មុន។

អ្នកទាំងពីរបានជួបគ្នានាថ្ងៃចន្ទអំពីការវិលត្រឡប់មកវិញនៃខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិកខាងលើ។

«គាត់បានសុំអភ័យទោស ហើយបានវិលត្រឡប់ចូលក្រុមវិញសម្រាប់ការហ្វឹកហាត់នាថ្ងៃនេះ» នេះបើតាមសម្តីលោក Tuchel។

នៅក្នុងបទសម្ភាសន៍មួយដែលបានថតក្នុងខែធ្នូ កីឡាករ Lukaku ដែលបានចុះកិច្ចសន្យាជាមួយក្លិប Chelsea ក្នុងតម្លៃខ្លួន ៩៧.៥លានផោនរូបនេះ បានលើកឡើងថា លោកមិនសប្បាយចិត្តនោះទេ ជាមួយនឹងតួនាទីតូចរបស់លោកក្រោមការដឹកនាំរបស់លោក Tuchel ហើយថា ប្រហែលជានឹងវិលត្រឡប់ទៅកាន់ក្លិប Inter Milan វិញក្នុងពេលឆាប់ៗខាងមុខ។

មុនការប្រកួតនាថ្ងៃអាទិត្យដែលត្រូវប៉ះក្រុម Liverpool លោក Tuchel បានលើកឡើងថា លោកបានដកកីឡាករវ័យ ២៨ឆ្នាំរូបនេះចេញពីក្រុម ដើម្បី «ការពារការត្រៀមខ្លួនសម្រាប់ការប្រកួត»

លោក Tuchel បានលើកឡើងថា Lukaku បានដឹងពីអ្វីដែលលោកបានបង្កើតឡើង ហើយកីឡាករខ្សែប្រយុទ្ធរូបនេះ មានការទទួលខុសត្រូវចំពោះបញ្ហា។

សូមបញ្ជាក់ថា កីឡាករ Lukaku បានស៊ុតបញ្ចូលទី ៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៨ប្រកួតចាប់តាំងពីចូលរួមជាថ្មីជាមួយតោខៀវ Chelsea ក្រោយផ្លាស់មកពីក្លិបម្ចាស់ពានរង្វាន់ជើងឯកអ៉ីតាលី Inter Milan កាលពីខែសីហា ឆ្នាំមុន៕