(ម៉ែលប៊ន)៖ កីឡាករវាយតេន្នីសលំដាប់លេខ១ របស់ពិភពលោក Novak Djokovic បានលើកឡើងនៅថ្ងៃពុធនេះថា លោកនឹងការពារពានរង្វាន់ Australian Open របស់លោកនៅឯទីលានប្រកួត Melbourne Park នាប្រទេសអូស្ត្រាលីនាចុងខែនេះ បន្ទាប់ពីទទួលបានការលើកលែងផ្នែកវេជ្ជសាស្ត្រ ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

Djokovic ដែលបានបដិសេធក្នុងការបង្ហាញពីស្ថានភាពនៃការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ របស់លោកនោះ បានលើកឡើងកាលពីពេលមុនថា លោកមិនប្រាកដនោះទេថាតើលោកនឹងចូលរួមប្រកួត ដើម្បីដណ្តើមពានរង្វាន់ Grand Slam នេះឬអត់ ដោយសារបារម្ភពាក់ព័ន្ធនឹងវិធានការធ្វើចត្តាឡីស័ក របស់អូស្ត្រាលី។

«ខ្ញុំបានចំណាយពេលវេលាដ៏ល្អជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ខ្ញុំ នៅពេលឈប់សម្រាក ហើយថ្ងៃនេះខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅកាន់ការចូលរួមការប្រកួត ជាមួយនឹងការលើកលែងការចាក់វ៉ាក់សាំង។ តោះទៅឆ្នាំ២០២២» នេះបើតាមកីឡាករសញ្ជាតិសែប៊ីរូបនេះបានសរសេរនៅលើ Instagram។

អ្នករៀបចំព្រឹត្តិការណ៍ Australian Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករានេះបានបញ្ជាក់ថា គ្រប់អ្នកចូលរួមទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ១៩ បើមិនដូច្នោះទេ ត្រូវមានលិខិតបញ្ជាក់ពីការលើកលែងផ្នែកវេជ្ជសាស្ត្រដោយអ្នកជំនាញឯករាជ្យ៕