(ភ្នំពេញ)៖ យុវសិស្ស នួន វិច្ឆិកា នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ បានបង្ហាញឆន្ទៈចង់ក្លាយជាអ្នកស្ម័គ្រចិត្តបម្រើការងារ អំឡុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីរួមចំណែកជួយសម្រួលការងារខ្លះ ក្នុងនាមយុវជនខ្មែរ នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ។

ការលើកឡើងរបស់យុវសិស្សរូបនេះ បន្ទាប់ពីគេបានចូលរួមកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ ដោយមានសិស្សានុសិស្ស ៥០នាក់ចូលរួម។

វិច្ឆិកា បានបញ្ជាក់ថា ខ្លួនសប្បាយរីករាយ និងបានយល់ដឹងច្រើនពីកីឡា និងអត្ថប្រយោជន៍នៃការលេងកីឡា សម្រាប់សុខភាព មិត្តភាព បញ្ញាស្មារតី ពិសេសអំពីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ហើយបើមានឱកាសគេក៏ចង់ធ្វើជាអ្នកស្ម័គ្រចិត្តបម្រើការងារក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះផងដែរ។

យុវសិស្សថ្នាក់ទី៩ រូបនេះ បន្ដថា «សម្រាប់ខ្ញុំជាយុវជន ខ្ញុំប្ដេជ្ញានឹងចូលរួមគាំទ្រ និងផ្សព្វផ្សាយពីស៊ីហ្គេម ឆ្នាំ២០២៣ ហើយប្រសិនជាអាច ខ្ញុំចង់មានឱកាសចូលរួមជាអ្នកស្ម័គ្រចិត្ត ដើម្បីបម្រើការងារផងដែរ ព្រោះទី១- គឺខ្ញុំស្រលាញ់ និងចូលចិត្តលេងកីឡា ទី២-ខ្ញុំគិតថា នឹងអាចជួយសម្រួលខ្លះ អំឡុងពេលកម្មវិធីប្រព្រឹត្តទៅ»

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានសម្ដែងការសប្បាយចិត្ត ដែលកម្មវិធីខាងលើ បានរួមចំណែកធ្វើឲ្យសិស្សានុសិស្សបានយល់ដឹងច្រើនពីកីឡា ពិសេសការបញ្ជ្រាបនូវយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ លោករំពឹងថា បន្ទាប់ពីកម្មវិធីនេះ នឹងជំរុញសិស្សានុសិស្ស ក៏ដូចជាយុវជនលេងកីឡាកាន់តែច្រើន ហើយចូលរួមធ្វើជាអ្នកស្ម័គ្រចិត្តច្រើន ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣។

គួរដឹងថា នេះគឺជាលើកទី៥ ហើយ ដែល NOCC រៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ប្រចាំឆ្នាំ២០២១-២០២២ ខណៈនៅសល់ ៣លើកទៀត នឹងបន្ដរៀបចំនាពេលឆាប់ៗខាងមុខ ជាក់ស្ដែងនៅថ្ងៃទី០៥ ខែមករាស្អែកនេះ NOCC នឹងបន្ដរៀបចំកម្មវិធីនេះ នៅវិទ្យាល័យច្បារអំពៅវិញម្ដង ដើម្បីបន្ដបញ្ជ្រាបការផ្សព្វផ្សាយអំពីគុណតម្លៃអូឡាំពិក និងដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕