(អាមេរិក)៖ ក្រុមហ៊ុន Apple បានបញ្ជាក់ថាខ្លួននឹងបង្ហាញរបាយការណ៍លម្អិតអំពីប្រាក់ចំណូលសម្រាប់ត្រីមាសចុងឆ្នាំ២០២១ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិក្រុមហ៊ុនលោក Tim Cook និងប្រធានផ្នែកហិរញ្ញវត្ថុ លោក Luca Maestri។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

នៅថ្ងៃប្រកាសបង្ហាញនោះ លោក Tim Cook និងលោក Luca Maestri ត្រូវបានគេរំពឹងថាពួកគាត់នឹងបង្ហាញលម្អិតជុំវិញសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple និងរបាយការណ៍លម្អិតសម្រាប់រយៈពេល ៣ខែចុងក្រោយនៃឆ្នាំ២០២១។

ក្រុមហ៊ុន Apple បានប្រកាសឱ្យថា ប្រាក់ចំណូលបានមកពីការលក់ទូរស័ព្ទ iPhone បានកើនឡើងដល់៣៨.៩ពាន់លានដុល្លាអាមេរិក នៅក្នុងត្រីមាសទី៤ ដែលនេះគឺជាការកើនឡើងយ៉ាងខ្លាំងពី ២៦.៤ពាន់លានដុល្លាអាមេរិក បើធៀបទៅនឹងឆ្នាំ២០២០។ ប្រាក់ចំណូលបានមកពីការលក់ iPad របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះក៏បានកើនឡើង ២១ភាគរយ ស្មើនឹង ៨.៣ពាន់លានដុល្លារអាមេរិកផងដែរ។

ដូចគ្នានេះដែលសម្រាប់ត្រីមាសទី៤ ការលក់ម៉ាស៊ីន Mac រកប្រាក់ចំណូលបាន ៩.១ពាន់លានដុល្លាអាមេរិក ដែលបានកើនឡើង ១.៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយលោក Maestri បានបញ្ជាក់ថា MacBook Air គឺមានតម្រូវការខ្ពស់ជាងគេ។

ចំពោះសេវាកម្មផ្សេងៗរបស់ Apple ក៏ទទួលបានចំណូលខ្ពស់ផងដែរ ដែលមានរហូតដល់ ៨.៨ពាន់លានដុល្លា ហើយមានការកើនឡើង ២៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងចំណែកការលក់ឧបករណ៍ផ្សេងៗទៀត ទទួលបាន ៨.៨ពាន់លានដុល្លាអាមេរិក ដោយបានកើនឡើង ១១ភាគរយ៕