(ចិន)៖ អាជ្ញាធរនៃប្រទេសចិន បានពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ខ្លួនចំនួនពីរគឺ Alibaba Group Holding Ltd និង Tencent Holdings Ltd ចំពោះការខកខានក្នុងការផ្ដល់រាយការណ៍ឱ្យបានត្រឹមត្រូវអំពីកិច្ចព្រមព្រៀងជាច្រើន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

យោងតាមឯកសារសាធារណៈ រដ្ឋបាលរដ្ឋរបស់ប្រទេសចិនសម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) បានធ្វើការផាកពិន័យនូវទឹកប្រាក់ចំនួន ៥០០,០០០យន់ (ប្រហែលនឹង ៧៨,៦៩២ដុល្លារអាមេរិក) ក្នុងមួយកិច្ចព្រមព្រៀង ដែលការពិន័យនេះស្ថិតក្រោមច្បាប់ប្រឆាំងការផ្តាច់មុខឆ្នាំ ២០០៨របស់ប្រទេសចិន។

ពាក់ព័ន្ធនឹងការដាក់ពិន័យនេះ ខាងសារព័ត៌មាន Reuters មិនទាន់បានទទួលបានការបំភ្លឺពីសំណាក់ក្រុមហ៊ុន Alibaba និង Tencent ភ្លាមៗ នោះទេ ខណ:កាលពីខែវិច្ឆិកាឆ្នាំមុន មានក្រុមហ៊ុនចុះបញ្ជីការចំនួន ៤៣ ត្រូវបានរងការពិន័យ។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានធ្វើការបង្ក្រាបទៅលើក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដោយក្នុងនោះ Alibaba និង Tencent គឺជាមុខសញ្ញាធំជាង ដោយការបង្ក្រាបគឺផ្ដោតសំខាន់ទៅលើការប្រកួតប្រជែងនៅលើទីផ្សារដោយមិនស្មោះត្រង់ និងការ ប្រើ ឥទ្ធិពលដើម្បីទទួលបានសិទ្ធិផ្ដាច់មុខ៕