(សៀមរាប)៖ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ លោកក៏មានបំណង ដើម្បីចង់ឈ្វែងយល់ការងារអភិរក្សប្រាសាទ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរផងដែរ។

ដំណឹងនេះត្រូវបានលើកឡើងក្នុងឱកាសលោក ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយលោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដើម្បីជម្រាបពីគោលបំណងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមកកាន់ខេត្តសៀមរាបនាពេលខាងមុខ។

តាមលោកឯកអគ្គរាជទូតម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីនឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏មានបំណង ដើម្បីចង់ឈ្វែងយល់ការងារអភិរក្សប្រាសាទ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរផងដែរ។

លោកបានបន្ថែមថា ការគ្រប់គ្រងរមណីយដ្ឋានអង្គរដោយអាជ្ញាធរជាតិអប្សរាទទួលបានការកោតសរសើរ និងល្បីល្បាញជាខ្លាំង ដែលធ្វើឱ្យប្រទេសដទៃទៀត មានម៉ាឡេស៊ីផងចង់ឈ្វែងយល់ និងរៀនសូត្រ។

តាមការបញ្ជាក់ពីលោក ELDEEN HUSAINI MOHD HASHIM លោករដ្ឋមន្រ្តី Saifuddin Abdullah គ្រោងចុះឈ្វែងយល់ពីការងារមួយចំនួននៅតាមការដ្ឋានការងារខ្លះក្នុងរមណីយដ្ឋានអង្គរអំឡុងពេលមកបំពេញការងារផ្លូវការនៅខេត្តសៀមរាបនាពេលឆាប់ៗនេះ។

ជាកិច្ចឆ្លើយតប លោក ឡុង កុសល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគម្រោងដំណើរទស្សនកិច្ចនេះ និងបញ្ជាក់ថា អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ទៅភាគីម៉ាឡេស៊ីគ្រប់ពេលវេលា៕