(ភ្នំពេញ)៖ លោកស្រី ភោគ ដាវី នាយិការងនៃវិទ្យាល័យច្បារអំពៅបានអះអាងថា សិស្សានុសិស្សរបស់ខ្លួន បានយល់ជ្រួតជ្រាបកាន់តែច្បាស់ អំពីគុណតម្លៃអូឡាំពិក ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំនូវកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅសាលារបស់ខ្លួនកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

លោកស្រីបានគូសបញ្ជាក់ថា «កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព ដែលធ្វើឲ្យសិស្សានុសិស្សនៅវិទ្យាល័យ ច្បារអំពៅបានជ្រួតជ្រាបបន្ថែមពីគុណតម្លៃ-ចលនាអូឡាំពិក ព្រមទាំងបញ្រ្ជាបការផ្សព្វផ្សាយពីគោលដៅសំខាន់នៃដំណើររបស់កម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា»

បន្ថែមលើនេះ នាយិការងវិទ្យាខាងលើបានធ្វើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់សិស្សានុសិស្សរបស់ខ្លួន ក្នុងការរួមចំណែកលេងកីឡា និងរួមគ្នាលើកកម្ពស់មុខមាត់ប្រទេសជាតិនៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រោះលោកស្រីចាត់ទុកព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ គឺជាភារកិច្ចរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និងជាគ្រូឧទ្ទេសប្រចាំកម្មវិធីខាងលើបានបញ្ជាក់ថា នេះជាលើកទី៦ ដែល NOCC បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងយុទ្ធនាការផ្សព្វផ្សាយ កម្ពុជាឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រចាំឆ្នាំ២០២១-២០២២។ លោកសង្កេតឃើញថា សិស្សានុសិស្សតែងតែបានចូលយ៉ាងផុសផុល ក្នុងការចូលរួមក្រេបជញ្ជក់ចំណេះដឹង ការអប់រំគុណតម្លៃចលនាអូឡាំពិក ក៏ដូចជាយុទ្ធនាការផ្សព្វផ្សាយពីដំណើរឆ្ពោះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាផងដែរ៕