(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ គ្នា រវាងអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាអង្គការអភិវឌ្ឍនិងមនុស្សធម៌មួយដែលចូលរួមលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ជាមួយក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ដើម្បីសហការគ្នាតម្លើងបរិក្ខារសម្រាប់លាងសម្អាតដៃដល់សាលារៀន គ្រប់កម្រិតសិក្សានៅក្នុងខេត្តព្រះសីហនុ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងក្រសួងអប់រំ យុវជន និងកីឡា និងដោយមាន ការចូលរួមពីលោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា, លោក Cliff Koh ដែលជាអគ្គលេខាធិការនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លើកឡើងនាឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អប្រសើរ តាមរយៈការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានជាង៩០ភាគរយ ការចូលរួមអនុវត្តវិធានការ៣ការពារ ៣កុំ របស់ប្រជាពលរដ្ឋ ការគ្រប់គ្រងបានល្អអ្នកជំងឺប្រភេទថ្មីអូមីក្រុងនាំចូលពីបរទេស ដែលធ្វើឱ្យអត្រាឆ្លងថ្មីក្នុងសហគមន៍ ធ្លាក់ចុះស្ទើរតែគ្មាន និងអនុញ្ញាតឱ្យបើកឡើងវិញ នូវសេដ្ឋកិច្ចជាតិយ៉ាងពេញលេញចាប់ពីចុងឆ្នាំ២០២១ តទៅ។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត ក្នុងការវិនិយោគលើវិស័យអប់រំទាំង ការផ្តល់អាហារូបករណ៍ដល់និស្សិតរៀនតាមសាកលវិទ្យាល័យនៅកម្ពុជា ព្រមទាំងការផ្តល់បរិក្ខារទឹកស្អាត និងអនាម័យដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩។

ស្ថិតនៅក្រោមយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» មូលនិធិព្រីនស៍ដែលជាអង្គការសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប នឹងធ្វើការជាមួយ អង្គការភ្លែន អន្តរជាតិកម្ពុជា ដើម្បីអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យចាប់ពីខែមីនាដល់ ខែមេសា ឆ្នាំ២០២២។ មូលនិធិព្រីនស៍ នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការ ទៅលើសកម្មភាពជាច្រើន ដែលនឹងជួយគាំទ្រទៅដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព។

លោក Cliff Koh បានឱ្យដឹងដែរថា មូលនិធិព្រីនស៍ ធ្លាប់បានធ្វើការសហការនៅថ្នាក់ជាតិ តាមរយៈការផ្តួចផ្តើមលើអាហារូបករណ៍ចេនហ្ស៊ី ហើយពេលនេះនឹងបន្តការ សហការយ៉ាងសកម្មជាមួយនឹងថ្នាក់ខេត្តបន្ថែមទៀត ដើម្បីធានាឱ្យបាននូវការស្តារនូវសកម្មភាពនានារបស់ខេត្តព្រះសីហនុត្រលប់មកវិញ ហើយក៏មានសេចក្តីរីករាយ ដែលបានធ្វើការសហការជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា។ មូលនិធិព្រីនស៍ ក៏ត្រៀមនឹងធ្វើការសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡានៅក្នុងឆ្នាំថ្មីនេះ ដើម្បីធានាថាកុមារកម្ពុជាអាចទទួលបានការអប់រំប្រកបដោយសុវត្ថិភាព។

លោក យី គឹមថាន បានឱ្យដឹងដែរថា កិច្ចសហការរវាងមូលនិធិព្រីនស៍ និងអង្គការភ្លែនអន្តរជាតិកម្ពុជា នឹងជួយធានាឱ្យបាននូវការត្រលប់ចូលរៀនវិញរបស់សិស្សានុ សិស្ស ជាពិសេសកុមារីប្រកបដោយសុវត្ថិភាព បន្ទាប់ពីមានការផ្អាកមួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ ការផ្តល់ជូននូវបរិក្ខារលាងសម្អាតដៃទាំងនេះ នឹងជួយការពារពួកគេពីជំងឺកូវីដ-១៩ និងអាចឱ្យពួកគេបានទទួលការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាពដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនាពេលអនាគត។

ជំនួសមុខឱ្យសិស្សានុសិស្សនៅក្នុងសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ លោក យី គឹមថាន ក៏បានថ្លែងអំណរគុណមូលនិធិព្រីនស៍ ចំពោះគម្រោងការងារដំបូង ដ៏គួរឱ្យរំភើបមួយនេះ។ គម្រោងនេះស្ថិតនៅក្រោមកម្មវិធីយុទ្ធសាស្ត្រការចាប់ផ្តើមជាមួយសុខភាពល្អ និងការសិក្សាពេញមួយជីវិត របស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលជាផ្នែកមួយនៃបេសកកម្មក្នុងការសហការជាដៃគូផ្តល់ភាពអង់អាចដល់ក្មេងស្រីចំនួន ២.៥លាននាក់ ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង នៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៦។

ក្រោមការឧបត្ថម្ភជាថវិកា និងភាពជាដៃគូសាជីវកម្មដែលផ្តល់ដោយមូលនិធិព្រីនស៍ កម្មវិធីទឹកស្អាត និងអនាម័យរៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជា បានក្លាយជា ដំណោះស្រាយក្នុងសហគមន៍ប្រកបដោយប្រសិទ្ធភាព ក្នុងការធានាឱ្យទទួលបានប្រភពទឹកស្អាត និងសម្ភារៈអនាម័យនានា ត្រូវបានរក្សាបានយ៉ាងល្អ ព្រមទាំងផ្តល់ ភាពអង់អាចដល់ប្រជាជនក្នុងការគ្រប់គ្រងសុខភាពសាធារណៈរបស់ពួកគេផងដែរ៕