(សៀមរាប)៖ រយៈពេលមួយឆ្នាំ ក្នុងឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះសំណេះសំណាលដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ផ្សព្វផ្សាយអប់រំ និងពិនិត្យការស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាច ក្នុងគោលដៅទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ រួមទាំងក្រៅតំបន់ឧទ្យានអង្គរបានចំនួនសំណើ២២១៨ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១៣១៣សំណើ។

ការចុះពិនិត្យ និងអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងចំនួន២០១សំណើ ស្រុកអង្គរធំចំនួន២៨៣សំណើ ស្រុកពួកចំនួន២២០សំណើ ក្រុងសៀមរាបចំនួន៣១៥សំណើ ស្រុកបន្ទាយស្រីចំនួន២៦៣សំណើ និងក្រៅឧទ្យានអង្គរចំនួន៣២សំណើ សរុបចំនួន១៣១៣សំណើ។

ក្រុមការងារសហគមន៍ក៏បានចូលរួមក្នុងកិច្ចការមនុស្សធម៌ និងកិច្ចការសាសនា ឧបត្ថម្ភថវិកាដល់ចាស់ព្រឹទ្ធាចារ្យ ចាស់ជរា ជនពិកា ជនទីទ័លក្រ អ្នកជំងឺ កុមារពិការ។ ឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ផ្សេងៗដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងឧទ្យានអង្គរ។

ក្នុងឆ្នាំ២០២១ បញ្ហាប្រឈមពាក់ព័ន្ធនឹងសំណើសុំជួសជុល និងសាងសង់តូចតាចនៅច្រើន (ក្នុងឧទ្យានអង្គរ) ក្រុមការងារគោលដៅមួយចំនួនបានផ្អាកចុះពិនិត្យ និងដោះស្រាយក្នុងខែខ្លះពី២ទៅ៣សប្តាហ៍ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងសហគមន៍។ ការជួសជុល ឬសាងសង់មុនការចុះពិនិត្យរបស់ក្រុមការងារនៅតែមាន។ ការប្រកាសលក់ដីនៅក្នុងតំបន់ការពារតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនិងការដាក់ស្លាក (ដីលក់) ផ្ទាល់ក្នុងតំបន់ការពារនៅតែមាន។

គោលដៅបន្ត ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរានឹងបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។ បន្តចុះពិនិត្យ និងដោះស្រាយសំណើសុំចួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាពទាន់ពេលវេលា។

សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕