(កូរ៉េ)៖ ក្រុមចម្រៀង K-POP បុរសល្បីឈ្មោះ BTS ត្រូវបានរាយការណ៍មកថា បានលុបចោលភ្លាមៗ ចំពោះគម្រោងហោះទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្រ្តីដ៏ធំ «Grammy Awards» បន្ទាប់ពីអ្នករៀបចំកម្មវិធីនេះ បានប្រកាសពន្យារពេល ដោយសារតែការផ្ទុះឡើងខ្លាំង នូវករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All-POP នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

កម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្រ្តី ដ៏ធំលំដាប់ទី១នៅអាមេរិក គឺ «Grammy Awards» លើកទី៦៤ ដំបូងឡើយ គ្រោងធ្វើឡើងនៅតំបន់ Downtown ក្នុងទីក្រុង Los Angeles និងផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ CBS នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះតែម្តង។ តែយ៉ាងណា ចំពោះការពន្យារពេលនេះ អ្នករៀបចំកម្មវិធី មិនទាន់បានកំណត់ការបរិច្ឆេទថ្មីនៅឡើយទេ។

ទន្ទឹមគ្នានេះ ក្រុមចម្រៀងល្បីរបស់កូរ៉េ BTS ដែលកន្លងទៅត្រូវបានរាយការណ៍ថា ទទួលការតែងតាំងសម្រាប់ពានរង្វាន់ «Best Pop Duo or Group Performance» ពីកម្មវិធីនេះ ក៏បានលុបចោលគម្រោងរបស់ពួកគេ ក្នុងការហោះទៅអាមេរិកផងដែរ ដោយសារកម្មវិធីនេះពន្យារពេល។

យ៉ាងណាមិញ សម្រាប់កម្មវិធីផ្សេងទៀតរបស់ក្រុម BTS ត្រូវបានផលិតកម្មរបស់ពួកគេ បញ្ជាក់ប្រាប់សារព័ត៌មានថា បច្ចុប្បន្នមិនមានការផ្លាស់ប្តូរកាលវិភាគ ការប្រគំតន្រ្តីនៅសេអ៊ូល ដែលគ្រោងធ្វើឡើងនៅខែ មីនាខាងមុខ សម្រាប់ក្រុម BTS ឡើយ ពោលវាគឺជាកម្មវិធីរបស់ក្រុមនេះ សម្រាប់ឆ្នាំ២០២២នេះតែម្ដង៕