(អាមេរិក)៖ កម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្រ្តីដ៏ធំលំដាប់ទី១ នៅអាមេរិក គឺ «Grammy Awards» បានប្រកាសពីការពន្យារពេលរៀបចំភ្លាមៗ សម្រាប់ឆ្នាំ២០២២នេះ ដោយសារតែមានការផ្ទុះខ្លាំង នូវករណីឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

អ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា ដំបូងឡើយកម្មវិធីនេះគ្រោងធ្វើឡើងនៅតំបន់ Downtown ក្នុងទីក្រុង Los Angeles និងផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ CBS នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះតែម្តង។ តែយ៉ាងណា ចំពោះការពន្យារពេលនេះ អ្នករៀបចំកម្មវិធី មិនទាន់បានកំណត់ការបរិច្ឆេទថ្មីនៅឡើយទេ។

រំឭកទៅកាលពីឆ្នាំ២០២១ កម្មវិធី «Grammy Awards» ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងខែមករា ក៏ត្រូវបានពន្យារពេលផងដែរ ដោយសារកូវីដ-១៩ និងបានលើកទៅធ្វើនៅខែមីនាជំនួសវិញ ប៉ុន្តែគឺមានការថតទុកជាមុន។

គួរជម្រាបថា កម្មវិធី «Grammy Awards» បានធ្វើឡើងជាលើកដំបូងតាំងពីឆ្នាំ ១៩៥៩ មកម្ល៉េះ ដែលបច្ចុប្បន្ននេះ គឺមានរយៈពេល៦២ឆ្នាំមកហើយ ខណៈប្រព័ន្ធផ្សព្វផ្សាយដែលធ្លាប់សហការផ្សាយកម្មវិធីនេះ គឺមានដូចជា ទូរទស្សន៍ NBC, ABC និងបច្ចុប្បន្នគឺ CBS។ «Grammy Awards» ត្រូវបានគេដឹងថា ជាកម្មវិធីប្រគល់ពានរង្វាន់ផ្នែកតន្ត្រីដ៏ធំលំដាប់ទី១ របស់អាមេរិក ក្នុងចំណោមកម្មវិធីធំៗចំនួន៣ ដូចជា Billboard Music Awards និង American Music Awards៕