(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតក្នុងស្រុកជាង ១០០ក្រុមហ៊ុន កំពុងនាំគ្នាចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ពួកគេ នៅក្នុងពិព័រណ៍ផលិតផលក្នុងស្រុកមួយ ដែលនឹងប្រារព្ធធ្វើឡើងក្នុងពេលខាងមុខនេះក្នុងខេត្តសៀមរាប ដែលជាការចាប់ផ្តើមដំណើរការពិព័រណ៍ជាស៊េរីមួយ ដោយមានការដាក់បង្ហាញផលិតផលខ្មែរ និងបង្ហាញវត្តមានរបស់ក្រុមហ៊ុនផលិតកម្ពុជា។

ពិព័រណ៍ទីមួយនឹងរៀបចំធ្វើឡើងនៅអង្គរប៉ាវីស (Angkor Parvis) នៅថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២២ ដែលនឹងមានការដាក់បង្ហាញផលិតផលសុខុមាលភាព និងគ្រឿងក្រអូប ហើយក្រោយមកនឹងរៀបចំពិព័រណ៍ចំនួន៣ ផ្សេងទៀតក្នុងខេត្តសៀមរាប ដែលនឹងមានការដាក់បង្ហាញផលិតផលម៉ូដនៅថ្ងៃទី១៥ និងទី១៦ ខែមករា ឆ្នាំ២០២២ ផលិតផលម្ហូបអាហារនៅថ្ងៃទី២២ និងទី២៣ ខែមករា និងផលិតផលតុបតែងផ្ទះនៅថ្ងៃទី១២ និងទី១៣ ខែកុម្ភៈ។ ពិព័រណ៍ចំនួន៨ លើកផ្សេងទៀតក៏នឹងត្រូវធ្វើឡើងផងដែរនៅរាជធានីភ្នំពេញ។

ពិព័រណ៍នៅរាជធានីភ្នំពេញលើកទី១ នឹងធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ នៅថ្ងៃទី២២ និង២៣ ខែមករា ដោយមានការតាំងបង្ហាញផលិតផលតុបតែងផ្ទះ។ ការតាំងបង្ហាញផលិតផលម៉ូដនិងគ្រឿងតុបតែងនឹងធ្វើឡើងនៅថ្ងៃទី២៩ និងទី៣០ ខែមករា ហើយការតាំងបង្ហាញផលិតផលម្ហូបអាហារនឹងធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ។ ចំពោះផលិតផលសុខុមាលភាពវិញនឹងត្រូវបានតាំងបង្ហាញនៅថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ។

ពិព័រណ៍ផ្សេងៗទៀត គ្រោងនឹងធ្វើឡើងនៅផ្សារទំនើបជីប ម៉ុង សែនសុខ នៅថ្ងៃទី២៩ និងទី៣០ ខែមករា ដែលនឹងមានការតាំងបង្ហាញផលិតផលតុបតែងផ្ទះ តាំងបង្ហាញផលិតផលសុខុមាលភាពនៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ ម្ហូបអាហារនៅថ្ងៃទី១២ និងទី១៣ ខែកុម្ភៈ និងផលិតផលម៉ូដនិងគ្រឿងតុបតែងនៅថ្ងៃទី១៩ និងទី២០ ខែកុម្ភៈ។

ស្តង់ចំនួន១១០ ស្តង់ត្រូវបានកក់រួចរាល់ហើយដោយក្រុមហ៊ុនផលិតក្នុងស្រុក ដែលបានចុះឈ្មោះដើម្បីដាក់បង្ហាញទំនិញរបស់ខ្លួននៅក្នុងពិព័រណ៍នៅខេត្តសៀមរាប។

លោក Romano Pierre-Andre ដៃគូស្ថាបនិកក្រុមហ៊ុន Beyond Retail Business Cambodia បានថ្លែងថា៖ «យើងមានក្តីរំភើបដែលយើងមានការចូលរួមរួចហើយពីក្រុមហ៊ុនផលិតកម្ពុជា និងអ្នកឧបត្ថម្ភ។ វាច្បាស់ណាស់ថា ប្រទេសកម្ពុជាមានអ្វីច្រើនដើម្បីផ្តល់ជូនអតិថិជនក្នុងស្រុក និងអន្តរជាតិ»។

ផលិតផលដែលរំពឹងថានឹងត្រូវយកមកតាំងបង្ហាញ រួមមានសម្លៀកបំពាក់ និងគ្រឿងតុបតែងសម្លៀកបំពាក់ សាប៊ូផលិតនិងប្រេងក្នុងស្រុក ព្រមទាំងម្ហូបអាហារផលិតក្នុងស្រុក និងផលិតផលកសិកម្ម។

ក្រុមហ៊ុន Beyond Retail Business Cambodia កំពុងរៀបចំពិព័រណ៍នេះក្នុងនាមឱ្យសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពមួយក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រុមអ្នករៀបចំពិព័រណ៍កំពុងអំពាវនាវដល់ក្រុមហ៊ុនផលិតកម្ពុជាកាន់តែច្រើនថែមទៀត ដូចជាក្រុមហ៊ុនស្ថិតក្នុងវិស័យតុបតែងផ្ទះ ម៉ូដនិងគ្រឿងតុបតែង អាហារនិងកសិឧស្សាហកម្ម និងវិស័យសុខុមាលភាពនិងគ្រឿងក្រអូប ឱ្យចូលរូមក្នុងពិព័រណ៍ក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញនៅខែមករា និងខែកុម្ភៈ។

ដោយសារមានការគាំទ្រខ្លាំងពីអង្គរប៉ាវីស ក្រុមហ៊ុន ជីប ម៉ុង រីថែល ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន foodpanda ពិព័រណ៍នេះនឹងបង្ហាញបទពិសោធដ៏អស្ចារ្យអំពីផលិតផលខ្មែរ។

ក្រុមអ្នករៀបចំពិព័រណ៍ក៏កំពុងស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជា និងអ្នកប្រើប្រាស់នៅកម្ពុជាជួយគាំទ្រផលិតផលក្នុងស្រុកផងដែរ តាមរយៈការទៅទស្សនាពិព័រណ៍ និងទិញផលិតក្នុងស្រុក។

យោងតាមក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះបានឱ្យដឹងថា ក្រុមហ៊ុនផលិតកម្ពុជាដែលមានបំណងចង់រួមក្នុងការតាំងបង្ហាញផលិតផលនេះ នឹងតម្រូវឱ្យបំពេញលក្ខណៈវិនិច្ឆ័យមួយចំនួន រួមទាំងការធ្វើតេស្ដទាក់ទងនឹងប្រភពដើម និងគុណភាពផលិតផលផងដែរ។ ក្រុមហ៊ុនដែលចង់ចូលរួម ក៏នឹងតម្រូវឱ្យផ្ដល់ព័ត៌មានអំពីការទទួលខុសត្រូវផ្នែកក្រមសីលធម៌របស់ក្រុមហ៊ុនផលិតផងដែរ។

ក្រុមហ៊ុនផលិតកម្ពុជាណាមួយដែលមានបំណងចង់ដាក់ពាក្យចូលរួមក្នុងដំណើរការទទួលការជ្រើសរើសដើម្បីបានតាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន អាចធ្វើការទាញយក និងដាក់ពាក្យសុំតាមរយៈតំណរភ្ជាប់នេះ https://forms.gle/v89G3maFY1E6yn7Z8

ក្រុមហ៊ុន ជីប ម៉ុង ក្រុមហ៊ុន foodpana និងអង្គរប៉ាវីស គឺជាអ្នកឧបត្ថម្ភពិព័រណ៍ «មោនទភាពកម្ពុជា»នេះ៕