(បារីស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និង Facebook ត្រូវបានរដ្ឋាភិបាលបារាំងពិន័យជាប្រាក់សរុបរួមគ្នាប្រមាណជា ២៣៥ លានដុល្លារអាមេរិក បន្ទាប់ពីរកឃើញថាក្រុមហ៊ុនទាំងពីរនេះបានតាមដានសកម្មភាពអ្នកប្រើប្រាស់ (cookie tracking)។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Standard នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

យោងតាមឯកសារដែលបានចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ក្រុមហ៊ុន Google ប្រឈមមុខនឹងការផាកពិន័យជាប្រាក់ ប្រមាណ ១៥០ដុល្លារអឺរ៉ូ ខណ:ក្រុមហ៊ុន Facebook រងការពិន័យចំនួន ៦០លានអឺរ៉ូ ពីបទរំលោភលើច្បាប់ឯកជនភាពរបស់ប្រទេសបារាំង។

និយ័តករបារាំងបានទុកពេលឱ្យក្រុមហ៊ុនអាមេរិកទាំងពីរនេះរយ:ពេល ៣ខែ ដើម្បីដោះស្រាយបញ្ហាដែលបានកើតមានឡើងចំពោះឯកជនភាព អ្នកប្រើប្រាស់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើយ ហើយបើសិនជាក្រុមហ៊ុនទាំង ពីរនេះមិនព្រមដោះស្រាយតាមពេលវេលាកំណត់នោះទេ នឹងត្រូវធ្វើការផាកពិន័យ ១០ម៉ឺនអឺរ៉ូក្នុងមួយថ្ងៃបន្ថែម ទៀត។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta (មេធំ Facebook) បានឱ្យដឹងថា «យើងកំពុងពិនិត្យមើលការសម្រេចចិត្តរបស់អាជ្ញាធរ ហើយនៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះ»

គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន Amazon ត្រូវបានពិន័យជាប្រាក់ ៣៥លានអឺរ៉ូ និងក្រុមហ៊ុន Google ចំនួន ១០០លានអឺរ៉ូ ពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះ ហើយកាលពីចុងឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុន WhatsApp ក៏ទទួលរងការពិន័យ ជាប្រាក់ចំនួន ២២៥លានអឺរ៉ូពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យផ្ទាល់ខ្លួនអ្នកប្រើប្រាស់ជាមួយនឹងក្រុមហ៊ុន Facebook៕