(ភ្នំពេញ)៖ តារាចម្រៀងពូកែដាក់អារម្មណ៍ និងសម្បូរទៅដោយក្បាច់រាំរស់រវើក ទូច ស្រីលក្ខណ៍ នៅតែធ្វើឲ្យមហាជនចាប់អារម្មណ៍មកលើរូបនាង ទាំងការងារសិល្បៈ និងជីវិតឯកជនរបស់នាង បន្ទាប់ពីបានលែងលះប្ដី អស់រយៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់ដាច់ស្រេច ព្រោះតែពាក្យបណ្ដឹងទាមទារកូន មកគ្រប់គ្រងបីបាច់ចិញ្ចឹមរៀងៗខ្លួន។ ការអូសបន្លាយសំណុំរឿងទាមទារកូនមកគ្រប់គ្រងចិញ្ចឹម តាមផ្លូវច្បាប់ រហូតមកដល់ពេលនេះ តារាចម្រៀង ទូច ស្រីលក្ខណ៍ បានបង្ហាញក្ដីសង្ឃឹមជាថ្មីថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់រូបនាង នៅក្នុងបណ្ដឹងតតាំងនេះ បន្ទាប់ពីបានចូលខ្លួនបំភ្លឺជាច្រើនលើករួចមក។

ម្ចាស់បទ «សុភមង្គលមិនមែនស្ថិតនៅលើលុយមួយមុខ» តារាចម្រៀង ទូច ស្រីលក្ខណ៍ ថ្មីៗនេះ បានបង្ហាញការរំពឹងលើប្រព័ន្ធតុលាការថា នឹងជួយផ្តល់យុត្តិធម៌ លើរឿងក្តីអតីតស្វាមីប្តឹងទាមទារសិទ្ធិចិញ្ចឹមកូន មកចិញ្ចឹម។ ទូច ស្រីល័ក្ខ ត្រូវបានគេដឹងថា មានឈ្មោះជាស្រ្តីមេម៉ាយចំណាយមាត់ញាតិ រស់នៅចិញ្ចឹមបីបាច់ថែរក្សាកូនប្រុស ជាទីស្រឡាញ់របស់ខ្លួនតែម្នាក់ឯង អស់រយៈពេលច្រើនឆ្នាំមកហើយ បន្ទាប់ពីលែងលះជាមួយអតីតស្វាមី ជនជាតិបរទេស គឺលោក Morten Kvammen។

តារាចម្រៀង ទូច ស្រីលក្ខណ៍ បានបង្ហាញក្ដីរំពឹងលើប្រព័ន្ធយុត្តិធម៌របស់តុលាការ តាមរយៈបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «ខ្ញុំជឿជាក់ថា ប្រព័ន្ធតុលាការគាត់នឹងផ្តល់ភាពយុត្តិធម៌ចំពោះខ្ញុំ ជាស្រ្តីខ្មែរ រឿងក្តីដែលអតីតប្តីរបស់ខ្ញុំបឹ្តងទាមទារ យកកូនពីខ្ញុំ ដែលរូបខ្ញុំទទួលសម្ពាធយ៉ាងខ្លាំងពីរូបគាត់ (ប្ដី) រហូតមកដល់ថ្ងៃនេះ។ គេមានក្តីសុខគេក៏ជាអ្នកចុះចេញពីផ្ទះ ទៅការជាមួយស្រីថ្មី ហើយអ្វីដែលសំខាន់ បើសុខហើយនៅឡើយទាមទារអីទៀត សំខាន់កូនរស់នៅជាមួយខ្ញុំតាំងពីកើត រហូតកូនមានស្នាមញញឹម និងរឹងមាំឆ្លាតខ្លាំងណាស់»

តារាចម្រៀងសម្បូរដោយស្ទីលតុងតែងខ្លួនប្លែកៗ អ្នកនាង ទូច ស្រីលក្ខណ៍ បញ្ជាក់ទៀតថា «អាហារកិច្ចកូន គឺរូបខ្ញុំជាអ្នកទទួលរ៉ាប់រងទាំងស្រុង, ថ្លៃសាលា ៣០,០០ដុល្លារ សម្រាប់មួយថឺម ទឹកដោះគោកូន សម្ភារៈ និងការចាយវាយទូរទៅ គឺខ្ញុំបំពេញសម្រាប់កូនខ្ញុំ គឺមិនឲ្យទាស់។ សុំទោស ទុក្ខបញ្ហា គឺគេជាអ្នកបង្កើតមកឲ្យខ្ញុំរយៈពេល៣ឆ្នាំ ហើយគឺបញ្ហានៅឡើយមិនទាន់ចប់ គ្មានស្រីណាទ្រាំបានក្រៅពីខ្ញុំទេ។ បើមិននិយាយខ្លះ ខ្លាចមនុស្សមួយចំនួនតូច គាត់យល់ច្រឡំគិតអ្វីដែលមិនត្រឹមត្រូវ រាប់ការផុសរបស់ខ្ញុំ។ អរគុណមនុស្សម្នាក់តែងតែនៅក្បែរខ្ញុំជានិច្ច និងផ្តល់ជាកំលាំងចិត្ត»

គួរបញ្ជាក់ថា តារាចម្រៀងសំនៀងធ្ងន់ ទូច ស្រីលក្ខណ៍ បានរៀបការជាមួយស្វាមី ជាជនជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេន តាំងពីឆ្នាំ២០១១ មកម៉្លេះ ដោយពួកគេទាំងពីរ ទទួលបានចំណងដៃកូនប្រុសវ័យ៥ឆ្នាំម្នាក់ រស់នៅក្នុងបន្ទុកគ្រួសាររបស់នាង រហូតដល់បច្ចុប្បន្ននេះ។ តាំងពីបែកបាក់ចែកចានចែកឆ្នាំងគ្នាមក តារាចម្រៀង ទូច ស្រីលក្ខណ៍ និងស្វាមី បានបន្សល់ទុកនូវពាក្យបណ្ដឹង ក្នុងតុលាការ ដើម្បីប្ដឹងទាមទារសិទ្ធិ ក្នុងការចិញ្ចឹងកូនស្របច្បាប់ ហើយរហូតមកដល់ពេលនេះ តុលាការមិនទាន់សម្រេចក្ដីថា ត្រូវបានទៅលើភាគីខាងប្រពន្ធ ឬអតីតប្ដី ជាអ្នកគ្រប់គ្រងនោះទេ ខណៈដែលកូនប្រុសម្នាក់នោះ កំពុងតែរស់នៅជាមួយម្ដាយរាល់ថ្ងៃ៕