(អាមេរិក)៖ តារាសម្តែងស្រីមួយរូបក្នុងភាពយន្តភាគ «Squid Game» ឈ្មោះពិតថា Jong Ho Yeon បានជាប់ឈ្មោះ ក្លាយជាតារាម៉ូដែលឯករាជ្យនៅអាស៉ីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលមានរូបនៅលើគម្របទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Vogue។ ប្រការនេះ កាន់តែធ្វើឲ្យប្រជាប្រិយភាពផ្នែក Fashion របស់តារារូបនេះ កាន់តែកើនឡើងខ្លាំងបន្តទៀត បន្ទាប់ពីជោគជ័យក្នុងការសម្តែងរឿង «Squid Game»

តារាស្រី Jong Ho Yeon ធ្លាប់បានបង្ហើបថា ការងារសិល្បៈរបស់នាង កាន់តែមានភាពមមាញឹកខ្លាំង បន្ទាប់ពីភាពយន្ត «Squid Game» ដែលនាងបានចូលរួមសម្តែងមានភាពជោគជ័យពេញពិភពលោក។ ដោយនាងបានអះអាងថា រឿង «Squid Game» បញ្ចេញទើបតែបាន១ខែដំបូង ជីវិតរបស់នាងមានភាពផ្លាស់ប្តូរយ៉ាងខ្លាំង។ ត្រង់ចំណុចនេះ គឺនាងសំដៅលើប្រជាប្រិយភាពរបស់នាង ការទទួលបានការងារច្រើន និងរកប្រាក់ចំណូលបានច្រើនទ្វេដង។

បច្ចុប្បន្ននាងមានការងារជាច្រើនដែលបានធ្វើរួចរាល់ ហើយនឹងបន្តធ្វើបន្ថែមទៀត នៅសហរដ្ឋអាមេរិក រហូតពេលនេះ ត្រូវបានទស្សនាវដ្តីល្បីរបស់អាមេរិក Vogue ជ្រើសរើសរូបភាពរបស់នាងដាក់លើគម្របមុខ ដែលធ្វើឲ្យនាងក្លាយជាតារាដំបូងបង្អស់នៅកូរ៉េ និងនៅអាស៉ី ដែលមានមុខលើគម្របរបស់ Vogue បែបនេះ។

គួរជម្រាបថា បន្ទាប់ពីរឿង «Squid Game» ជោគជ័យខ្លាំង តារាស្រី Jong Ho Yeon ត្រូវបានប្រេនដ៏ធំលំដាប់ពិភពលោក LV ជ្រើសរើសជាឯកអគ្គរដ្ឋទូតសាកលប្រចាំប្រេនរបស់ខ្លួន។ បន្ទាប់មកនាងក៏ត្រូវបានក្រុមហ៊ុនធំៗទាក់ទងថតស្ពតដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារជាបន្តបន្ទាប់ផងដែរ។ នាងត្រូវបានគេដឹងថា អាចរកប្រាក់ចំណូលបានជិត ១០ម៉ឺនដុល្លារអាមេរិក ត្រឹមការបង្ហោះរូបផ្សព្វផ្សាយពាណិជ្ជកម្ម២ដងប៉ុណ្ណោះ លើបណ្តាញសង្គម Instagram របស់នាង៕