(អាមេរិក)៖ កាសែតដ៏ល្បីរបស់អាមេរិក The New York Times បានចុះកិច្ចព្រមព្រៀងទិញយកគេហទំព័រព័ត៌មានកីឡា The Athletic ក្នុងតម្លៃជាងកន្លះពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាពរបស់ខ្លួនក្ន្ងុងការផ្សព្វផ្សាយនៅលើប្រព័ន្ធអនឡាញ និងទាំងការបោះពុម្ព។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើនេះមានតម្លៃប្រហែល ៥៥០លានដុល្លារអាមេរិក ហើយក្រោយការប្រកាសព័ត៌មាននេះ តម្លៃហ៊ុនរបស់ The New York Times បានធ្លាក់ចុះភ្លាមៗផងដែរ។

ប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា The New York Times បានជួបពិភាក្សាជាមួយនឹង The Athletic កាលពីដើមឆ្នាំ ទៅលើ លក្ខខណ្ឌមួយចំនួន និងតម្លៃ ប៉ុន្តែការពិភាក្សានោះត្រូវបានធ្វើឡើងជាសម្ងាត់ ទើបតែពេលនេះ ត្រូវបានវេបសាយ The Information ចេញ ផ្សាយថា កិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់នៅពាក់កណ្ដាលឆ្នាំនេះ ជាមួយនឹងតម្លៃប្រហែលជា ៥៥០លានដុល្លារអាមេរិក។

The New York Times បានកំណត់គោលដៅថា នឹងបង្កើតចំនួនអតិថិជនទាំងនៅលើអនឡាញ និងទាំងការបោះពុម្ពឱ្យបាន ១០លាននាក់ នៅត្រឹមឆ្នាំ២០២៥ ដោយក្នុងនោះ The New York Times បានជឿជាក់ថា ក្រោយពីទិញ The Athletic រួច គេនឹងអាចឈានដល់ គោលដៅដែលបានកំណត់ ខណ:ដែលកាលពីត្រីមាសទី៣ ឆ្នាំ២០២១ The New York Times បានបញ្ជាក់ថាអតិថិជនរបស់ខ្លួនមាន ចំនួនរហូតដល់ ៨,៤លាននាក់។

គេហទំព័រ The Athletic ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ហើយនៅចុងឆ្នាំ ២០២០ បានប្រកាសថាអ្នកអានសរុបចំនួន ១លាននាក់ និង នៅចុងឆ្នាំ២០២១ បានបញ្ជាក់ថាបានកើនឡើងដល់ ១,២លាននាក់៕