(ភ្នំពេញ)៖ រយៈពេលជិត ៣ខែមកហើយ ដែលក្រុមជម្រើសជាតិជាច្រើនប្រភេទ បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់លក្ខណៈបិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ទន្ទឹមជាមួយគ្នា គេក៏ឃើញមានក្រុមហ៊ុន និងវិស័យឯកជន បានរួមចំណែកឧបត្ថម្ភគាំទ្រជាបន្ដបន្ទាប់ ទាំងសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីសម្រួលដល់ការប្រមូលផ្ដុំនេះ ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ លោក Heesuk Lee ក្រុមហ៊ុន Korea-Indochina Cooperation Center បានឧបត្ថម្ភ គីមឈី ជំហានទី១ ចំនួន ៣០០គីឡូក្រាម រួមទាំងម៉ាស់ ៥០ប្រអប់ សម្រាប់ចែកជូនដល់គ្រប់ប្រភេទកីឡាប្រើប្រាស់ តាមរយៈមជ្ឈណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នេះគឺលើកទី២ ហើយ ដែលក្រុមហ៊ុនកូរ៉េខាងលើ បានឧបត្ថម្ភគាំទ្រដល់យុទ្ធនាការបិទខ្ទប់ហ្វឹកហាត់ក្រុមរបស់ក្រុមជម្រើសជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ តាមរយៈលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលលើកទី១ លោកបានឧបត្ថម្ភនូវការបាញ់សម្លាប់មេរោគក្នុងបរិវេណហ្វឹកហាត់ និងកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនី ដើម្បីធានាបានថា កន្លែងប្រមូលផ្ដុំហ្វឹកហាត់ មិនមែនជាកន្លែងចម្លងជំងឺកូវីដ-១៩។

ដោយឡែកលោក អ៊ូ រតនា បានគូសបញ្ជាក់ថា ទោះបីការឧបត្ថម្ភពីវិស័យនេះ គឺជាផ្នែកមួយតូច ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរកីឡា តែក៏ជាផ្នែកមួយដ៏សំខាន់ ដើម្បីផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្ត សម្រាប់កីឡាករ-កីឡាការិនីក្នុងការប្រមូលផ្ដុំហ្វឹកហាត់ ប្រកបដោយភាពស្វាហាប់ និងការជឿជាក់ផងដែរ។ ដូច្នេះអ្វីដែលថ្នាក់ដឹកនាំចង់បានមកវិញ គឺការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេស ឈានទៅរកភាពជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣។

ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាដដែលបន្ដថា «ក្នុងនាមជាពលរដ្ឋខ្មែរ និងជាអ្នកស្រលាញ់កីឡាដូចគ្នា នឹងខិតខំចូលរួមចំណែកក្នុងការផ្ដល់នូវសេចក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ដល់ពួកគេ ពីព្រោះកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ មិនមែនវិញ្ញាសាមួយអាចលើកសក្ដានុពលឲ្យជាតិបានទេ ទាល់តែវិញ្ញាសាទាំងមូល ទាំងអស់គ្នា ទើបទទួលបានជោគជ័យ ពេលនោះកម្ពុជាយើងនឹងមានភាពល្អ និងលេចធ្លោក្នុងឆាកអន្ដរជាតិ»។

គួរបញ្ជាក់ថា ក្រោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ CAMSOC និង NOCC បានរៀបចំនូវការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិចំនួន ១៦ប្រភេទកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ អំឡុងវិបត្តិកូវីដ-១៩ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីតាមប្រភេទកីឡានីមួយៗ ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាមនាខែឧសភា ឆ្នាំ២២២ ខាងមុខ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង៕