(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា នឹងយកវេទិការនៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នាសប្ដាហ៍ក្រោយ គឺជាឱកាសបង្កើនសមត្ថភាព និងបច្ចេកទេសទាំងកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេសផងដែរ ដើម្បីសម្រួចឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការគូសបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាការសហព័ន្ធ។

លោកបានលើកឡើងបែបនេះក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ស្របពេលសហព័ន្ធបានបន្ដរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ នៅខេត្តសៀមរាប ដែលជាខេត្តត្រូវបានកំណត់ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡាទោចក្រយាន ដែលនឹងប្រកួតពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ ខាងមុខ ដោយមានកីឡាករ-កីឡាការិនីប្រមាណ ២៥២នាក់ មកពី ១៨សមាគ/ក្លិប និងរាជធានី-ខេត្តចូលរួម។

អគ្គលេខាធិការសហព័ន្ធខាងលើបានគូសបញ្ជាក់ថា ទោះបីវិបត្តិកូវីដ-១៩ បានធ្វើឲ្យការប្រកួតប្រជែងកម្រិតខ្ពស់មួយនេះបានពន្យារពេល ប៉ុន្តែមិនអាចផ្លាស់ប្តូរឆន្ទៈ និងគោលដៅនៃការរៀបចំនេះឡើយ ដោយសហព័ន្ធនៅតែពង្រឹងលើការផលិតធនធានកីឡាទោចក្រយាន ក៏ដូចជាការអភិវឌ្ឍគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិ ត្រៀមឆ្ពោះទៅរកភាពជោគជ័យ ក្នុងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា។

លោក នូ ចំរើន បន្ដថា គោលដៅនៃការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ទី១-អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដឹកនាំដោយលោក ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធ ដើម្បីពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំការប្រកួត ក្នុងដំណើរឈានទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិនានា។ ទី២-ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីបានបញ្ចេញទេពកោសល្យ និងជំនាញ ដើម្បីអភិវឌ្ឍសមត្ថភាព និងកម្រិតបច្ចេកទេសរបស់ខ្លួនបន្ថែមទៀត។

ជាមួយការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនេះដែរ បានទទួលការឧបត្ថម្ភគាំទ្រជាច្រើនម៉ឺនដុល្លារពីវិស័យឯកជន ពិសេសក្រុមហ៊ុន Herbalife ដែលបានឧបត្ថម្ភថវិកា ២០,៧០០ដុល្លារ បន្ថែមលើគម្រោងថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឲ្យទទួលបានជោគជ័យទៀតផង៕